រុស្ស៊ី និង​ចិន ប្តេជ្ញា​រៀបចំ​ពិភពលោក​មាន​យុត្តិធម៌ និង​សន្តិសុខ​សណ្តាប់ធ្នាប់

ក្រុម​អ្នកឯកទេស​វិភាគ​បាន​លើកឡើងថា ដល់​ពេលដែល​រុស្ស៊ី​និង​ចិន​ត្រូវតែ​បង្កើត​សន្តិសុខ​សណ្តាប់ធ្នាប់​ពិភពលោក​ឡើងវិញ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច មិនអាច​ទុក​ឲ្យ​អាមេរិក និង​លោក​ខាង​ធ្វើ​តាមតែ​ចិន​នោះឡើយ ដែល​ដាក់​គំនាប់​ទៅលើ​ប្រទេស​ដែល​មិន​ព្រម​ចុះ​ញ​ម​ខ្លួន​។​

​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា មន្ត្រី​ទូត​ជាន់ខ្ពស់​ចិន​មួយរូប​បាន​និយាយថា ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​អន្តរជាតិ រួមគ្នា​ជាមួយ​រុស្ស៊ី​ក្នុង «​ទិសដៅ​ប្រកបដោយ​វិចារណញ្ញាណ និង​យុត្តិធម៌​ជាង​មុន​» ខណៈ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​គ្រោង​នឹង​ជួបប្រជុំគ្នា​ក្នុង​សប្តាហ៍​នេះ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​ចិន ប្រធាន​កិច្ចការបរទេស​របស់​បក្សកុម្មុយនិស្ត​ចិន លោក យ៉ាង ជា​ឈី (Yang Jiechi) បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ចិន លោក អាន់​ដ្រេ ដេ​នី​សូវ (Andrey Denisov) កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា «​ក្រោម​ការណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី លោក ស៉ី ជិន​ពីង និង​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ តែងតែ​ឆ្ពោះទៅមុខ​នៅលើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​។ ចិន​មាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​ជាមួយ​រុស្ស៊ី ដើម្បី​បន្ត​អនុវត្ត​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់ ការពារ​ផលប្រយោជន៍​រួម​របស់​ភាគី​ទាំងពីរ និង​ជំរុញ​ការអភិវឌ្ឍ​សណ្តាប់ធ្នាប់​អន្តរជាតិ ផងដែរ​»​។​

​ជាការ​ឆ្លើយតប លោក ដេ​នី​សូវ បាន​សម្តែង​ការកោតសរសើរ​ចំពោះ «​លទ្ធផល​ជា​ផ្លែផ្កា​» នៃ​ទំនាក់ទំនង​ទ្វេភាគី​។ ជាមួយគ្នានេះ លោក ពូ​ទីន និង​លោក ស៊ី ក៏​គ្រោង​នឹង​ជួបគ្នា​នៅក្នុង​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន នា​សប្តាហ៍​នេះ នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​ទំនាក់ទំនង​រវាង​អតីត​សម្ព័ន្ធមិត្ត ក្នុងសម័យ​សង្គ្រាមត្រជាក់​ទាំងពីរ​នេះ កាន់តែ​មាន​ភាព​រីកចម្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ កាលពី​សប្តាហ៍​មុន សមាជិកសភា​កំពូល​ម្នាក់​របស់​ទីក្រុង​ប៉េកាំង គឺ លោក លី ចាន​ស៊ូ (Li Zhanshu) បាន​ក្លាយជា​អ្នកនយោបាយ​ជាន់ខ្ពស់​បំផុត នៃ​គណ​បក្សកុម្មុយនិស្ត​ចិន ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី ចាប់តាំងពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close