ល្បែងជល់មាន់តាមអនឡាញ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅស្រុកត្រពាំងប្រាសាទ សង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ច
(ឧត្តរមានជ័យ) ៖ ល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍អនឡាញ បច្ចុប្បន្ននេះ ត្រូវគេឃើញមានស្ទើរគ្រប់កន្លែងនៃហាងកាហ្វេក្នុងឃុំត្រពាំងប្រាសាទ នៃស្រុកត្រពាំងប្រាសាទ ដោយពុំមានការបង្រ្កាបពីសមត្ថកិច្ចនោះឡើយ ដែលករណីនេះ គេសង្ស័យថា ប្រហែលល្បែងទាំងនោះគឺជាឆ្នាំងបាយរបស់សមត្ថកិច្ច ទើបបានជាគេមិនហ៊ានធ្វើការបង្រ្កាបយ៉ាងដូចនេះ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកត្រពាំងប្រាសាទ បាននិយាយថា ល្បែងសុីសងខាងលើនេះ គេបើកលេងជារៀងរាល់ថ្ងៃ ដោយពុំដែលឃើញអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញ ចុះធ្វើការបង្ក្រាបម្ដងណាឡើយ ។ ករណីល្បែងស៊ីសងនៅក្នុងមូលដ្ឋាននេះ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភអំពីបញ្ហាអសន្ដិសុខ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ។
ចំពោះករណីនេះ យើងមិនអាចស្វែងរកការបំភ្លឺពីលោកអធិការនគរបាលស្រុកត្រពាំងប្រាសាទបាននៅឡើយទេនៅថ្ងៃនេះ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរខេត្តឧត្តរមានជ័យ សូមជួយមានវិធានការបង្រ្កាបចំពោះទីតាំងល្បែងស៊ីសងដែលកំពុងរីកដូចផ្សិតនៅក្នុងមូលដ្ឋានស្រុកត្រពាំងប្រាសាទផង ព្រោះថា នេះគឺវាកំពុងតែផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលសមត្ថកិច្ចមូលដ្ឋានតែងតែចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហើយ៕
ដោយ៖ សាត ស៊ីន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។