រឿងគ្រូទះស្មាសិស្សនៅវិទ្យាល័យហ៊ុនសែនសេរីភាពក្រុងតាខ្មៅ មន្ទីរអប់រំណែនាំ៣ចំណុច
បន្ទាប់ពីផ្ទុះវីដេអូនៅក្នុងបណ្ដាញសង្គមពាក់ព័ន្ធនឹងករណីគ្រូនាយករងវិទ្យាល័យហ៊ុនសែនសេរីភាព ទះស្មាសិស្សនៅដងទង់ជាតិ នៅរសៀលថ្ងៃទី១៤ កញ្ញា មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាល បានជួបប្រជុំពិភាក្សាជាមួយគណៈគ្រប់គ្រង វិទ្យាល័យ ហ៊ុនសែន សេរីភាព។
បន្ទាប់ពីជួបប្រជុំពិភាក្សារួច មន្ទីរបានដាក់គោលការណ៍បីចំនុចធំៗជូន គណៈគ្រប់គ្រងសាលាមានដូចតទៅ÷
១ ត្រូវបង្កើនគុណភាពអប់រំ ឱ្យបានកាន់តែប្រសើរឡើង
២ ត្រូវអប់រំណែនាំប្អូនៗដោយមិនប្រើអំពើហិង្សា ទោះអចេតនាក្តី ចេតនាក្តី
៣ អញ្ជើញអាណាព្យាបាល ប្អូនស្រីពាក់ព័ន្ធ មកជួបពិភាក្សាបកស្រាយណែនាំ ឲ្យបានជ្រាប។
ចំពោះករណីនេះ បើយោងតាមប្រភពព័ត៌មានពីអ្នកផ្តល់ម្នាក់ សូមមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានករណីនេះកើតឡើង គឺដោយសារតែនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា សិស្សថ្នាក់ទី១២ បាននាំគ្នាលេងគូរអាវក្រោយប្រលងឆមាសចប់ ព្រោះឃើញសាលាគេដទៃលេងគូរអាវបែបនេះដែរ តែក្រោយមកលោកនាយកសាលាដឹង ក៏ឱ្យប្រមូលគ្នាតម្រង់ជួរហាលក្ដៅខ្ទង់ម៉ោងជិត១០ថ្ងៃ និងឱ្យរង់ចាំរហូតដល់អាណាព្យាបាលយកអាវថ្មីមកដូរ ហើយប្រគល់អាវដែលគូរហ្នឹងឱ្យលោកនាយក ទើបឱ្យត្រលប់ទៅផ្ទះវិញ។
ប្រភពព័ត៌មាន បានបញ្ជាក់ថា៖ «កាលថ្ងៃពុធទី៧ ខែកញ្ញា ឆ្នាំ២០២២ ពេលប្រឡងចប់សិស្សបាននាំគ្នាគូសអាវម្តងរួចមកហើយ លោកនាយកក៏គាត់ហៅឱ្យចូលក្នុងថ្នាក់ណែនាំ និងហាមមិនឱ្យគូសទេ ព្រោះសាលានៅរៀនបន្តទៀតរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។ ហើយប្រពៃណីខ្មែរ ក៏គ្មានវប្បធម៌គូសអាវក្នុងសាលាដូច្នេះដែរ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់ អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត-រាជធានី ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ វិធានការរដ្ឋបាលមាន២កម្រិត។ វិធានការរដ្ឋបាលថ្នាក់ទី១ គឺស្ដីបន្ទោសជាលាយល័ក្ខអក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខ័ណ្ឌ»។
បើយោងតាមច្បាប់ស្ដីពីការអប់រំ មាត្រា១៧ នៃច្បាប់ស្ដីពីការអប់រំ បានចែងថា ការអប់រំចំណេះទូទៅ ជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា កាយ និងធានាឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។ រីឯមាត្រា ៣៥ នៃច្បាប់ស្ដីពីការអប់រំ បានចែងពីសិទ្ធិ និងករណីយកិច្ចរបស់អ្នកសិក្សាទាក់ទងនឹងការអប់រំថាមានសិទ្ធិទទួលបានការគោរព និងការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សជាពិសេសសិទ្ធិមានសេចក្ដីថ្លៃថ្នូរ សិទ្ធិរួចផុតពីទារុណកម្ម ឬ ការដាក់ទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី។
តែជាមួយគ្នានេះ អ្នកសិក្សាមានករណីកិច្ចគោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា តម្លៃខាងសមធម៌យេនឌ័រដោយអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ចិត្ត និងគុណភាពលទ្ធផលសិក្សា។ យ៉ាងណាមិញ ក្រសួងអប់រំ យុវជន និងកីឡាស្វាគមន៍ បានថ្លែងអំណរគុណចំពោះកិច្ចសហការវិជ្ជមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ បុគ្គលិកអប់រំ អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមលើកកម្ពស់សុខភាពសិក្សា និងលុបបំបាត់អំពើហិង្សាដែលត្រូវការ ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផង។ ក្រសួងអប់រំ ក៏បានរំលឹកថា លោកគ្រូ អ្នកគ្រូបាននឹងបន្តដើរតួនាទីសំខាន់មួយ ក្នុងការចូលរួមលុបបំបាត់អំពើហិង្សាតាមរយ:គ្រប់មធ្យោបាយ ដូចជាការបង្រៀន និងយន្តការលើកទឹកចិត្តសិស្សានុសិស្សឱ្យបន្តរៀនសូត្រ ក្នុងន័យពង្រឹងសមត្ថភាពសម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។