សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​

​នៅពេល​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នាយ​រដ្ឋមន្ត្រី​ឡាវ នា​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ ក្នុង​រដ្ឋធានី​វៀង​ច័ន្ទ​។​

​ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ បានបង្ហាញ​ក្តី​សោមនស្ស​រីករាយ ដែល​សម្តេច​ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នាពេលនេះ​ដែល បាន​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតរ​មួ​ត​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​តាំងពី​យូរលុង​មក​នោះ​។​

​ឯកឧត្តម នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ទោះបី​នៅក្នុង​ដំណាក់កាល​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​យ៉ាងណាក្តី ក៏​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​ឡាវ បាន​ដំណើរការ​ទៅដោយ​រលូន​។ ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា​ថា ឯកឧត្តម​និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា តែងតែ​ជួបគ្នា​គ្រប់​មធ្យោបាយ​ដែល​អាច​ជួប​បាន​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាប​ង​ប្អូន​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​ជាប្រចាំ​។ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរបាន​កំពុង​យកចិត្តទុកដាក់​លើកកម្ពស់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាពលរដ្ឋ​និង​ប្រជាជន​ពិសេស​ពលរដ្ឋ​ដែល​រស់​នៅតាម​បន្ទាត់​ព្រំដែន​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ជម្រាប ឯកឧត្តម​នាយករដ្ឋមន្ត្រី​ពី​គោលបំណង នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​រដ្ឋសភា​ក​ម្ពុ​ជា នាពេលនេះ គឺ​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ឡាវ ដែលមាន​ជា​យូរ​មកហើយ ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំង ក្លា​ថែម​មួយកម្រិត​ទៀត​។

​ជាមួយគ្នានេះ សម្តេច បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​បក្ស រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន​ឡាវ សម្រេចបាន​ក្នុង​ការកសាង និង​អភិវឌ្ឍ​សង្គមជាតិ មានការ​រីកចម្រើន​ឥតឈប់ឈរ និង​បាន​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឡាវ កាន់តែ​ល្អប្រសើរ ហើយ​កិត្យានុភាព និង​តួនាទី​របស់​មិត្ត​ឡាវ​កាន់តែ​ត្រូវបាន​លើកកម្ពស់​នៅលើ​ឆាក អន្តរជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close