តុលាការ​ធម្មនុញ្ញ​ថៃ នឹង​សម្រេច​ពី​អ​នា​គត់​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា នៅ​ថ្ងៃទី​៣០​ខែកញ្ញា​

សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ថៃ បានកំណត់​យក​ថ្ងៃទី​៣០ ខែកញ្ញា ធ្វើជា​កាលបរិច្ឆេទ​សម្រាប់​ប្រកាស សេចក្តីសម្រេច​របស់ខ្លួន ជុំវិញ​អាណត្តិ​កាន់អំណាច​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា ខណៈ​តំណែង​នាយករដ្ឋមន្ត្រី​របស់លោក កំពុងស្ថិត​ក្រោម​ការព្យួ​រ​ជា​បណ្តោះអាសន្ន​។​

​តុលាការ​ធម្មនុញ្ញ​ថៃ​កំពុងតែ​ពិចារណា​លើ សំណុំរឿង​ដែល​ស្នើឡើង​ដោយ គណបក្សប្រឆាំង ភឿ​ថៃ (Pheu Thai) ដែល​បាន​អះអាងថា អាណត្តិ​នាយករដ្ឋមន្ត្រី​របស់លោក ប្រា​យុទ្ធ គឺ​គួរតែ​បាន​ផុតកំណត់​តាំងតែ​ពី​ខែសីហា​កន្លងទៅ​ម្ល៉េះ​។ ស្រប​ពេលដែល​តំណែង​ជា ប្រមុខ​រដ្ឋាភិបាល​ត្រូវបាន​ព្យួរ លោក ប្រា​យុទ្ធ កំពុង​នៅ​បន្ត​កាន់​តួនាទី​ជា រដ្ឋមន្ត្រី​ការពារជាតិ ហើយ​អាច​នឹង​ត្រឡប់​មកជា នាយករដ្ឋមន្ត្រី​ដូចដើម​វិញ ប្រសិនបើ​តុលាការ​សម្រេច​ថា អាណត្តិ​លោក​មិនទាន់​ដល់​៨​ឆ្នាំ ដែល​ត្រូវ​បានកំណត់​នៅឡើយ​ទេ​។​

​លោក ប្រា​យុទ្ធ វ័យ​៦៨​ឆ្នាំ បាន​និយាយថា រូបលោក​នឹង​គោរព​តាម​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ ខណៈ​ឧបនាយករដ្ឋមន្ត្រី លោក ប្រា​វីត វ៉ុ​ង​ស៊ូ​វ៉ាន់ (Prawit Wongsuwan) កំពុងកាន់​តំណែង​ជា នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​។ តុលាការ​នឹងត្រូវ​សម្រេច​ថា តើ​អាណត្តិ​រយៈពេល​៨​ឆ្នាំ គួរតែ​រាប់បញ្ចូល​ពេលវេលា​ដែល​លោក ប្រា​យុទ្ធ នៅ​ជា​ប្រមុខ​រដ្ឋាភិបាលយោធា ក្រោយ​ការធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ឬក៏​យ៉ាងណា​។​

​តាម​ការលើកឡើង​រប​ស់​ក្រុម​អ្នកគាំទ្រ​លោក ប្រា​យុទ្ធ វិញ រយៈពេល​៨​ឆ្នាំ​នោះ គឺ​គួរតែ​រាប់​ចាប់​ត្រឹម​ពី​ឆ្នាំ​២០១៧ នៅពេលដែល​រដ្ឋធម្មនុញ្ញ​ថ្មី ចូល​ជា​ធរមាន ឬមួយ​ចាប់ពី​ឆ្នាំ​២០១៩ នៅពេល​ការបោះឆ្នោត​សកល ត្រូវបាន​ប្រារព្ធ​ឡើង​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close