សម្ដេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និង វេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២
ភ្នំពេញ៖ តាមសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងពីធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ “បង្កើនល្បឿនអន្តរកាលថាមពល ៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព” នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១២-១៦ ខែកញ្ញា ឆ្នាំ២០២២, តាមប្រព័ន្ធវីអេដូថតទុកជាមុន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបញ្ចូលប្រភពថាមពលកកើត ឡើងវិញ ទៅក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២១ កន្លងមកនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយ ពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា ។ ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាពនៃប្រភពថាមពលរបស់កម្ពុជា ចំណែកអានុភាពន ប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥% នៃអានុភាពតម្លើងសរុប ។
សម្ដេចបន្តថា សម្រាប់ទិសដៅទៅមុខ កម្ពុជា នឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួល បានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម ។
សម្ដេចតេជោ បានបញ្ជាក់ថា ដើម្បីសម្រេចទិសដៅនេះ កម្ពុជា បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ២០៤០ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ផែនទី បង្ហាញផ្លូវស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោល នយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ។ ទន្ទឹមនឹងនេះ ក្រោមកិច្ចសហការ យ៉ាងសកម្មបន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ កម្ពុជាក៏បាននិងកំពុងរៀបចំកម្មវិធីអភិវឌ្ឍន៍អន្តរកាល ថាមពលរបស់ខ្លួន ដោយផ្តោតលើកម្មវិធីនៃការកែទម្រង់សំខាន់ៗចំនួន ៣ រួមមាន (១). ការរៀបចំផែនការថាមពល និងការពង្រឹងស្ថាប័ន (២). ការបង្កើនល្បឿនអន្តរកាលសេដ្ឋកិច្ចវិលជុំ និងការបញ្ចេញឧស្ម័នកាបូនទាបនិង (៣). តម្លាភាព និងភាពប្រកួតប្រជែងសម្រាប់ការវិនិយោគ ក្នុងគម្រោងថាមពលថ្មី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។