រថយន្តធុនធ្ងន់ចំនួន ៣៣គ្រឿង រកឃើញដឹកជញ្ជូនលើសទម្ងន់ ក្នុងកម្រិតអនុគ្រោះ នៅខេត្តកណ្តាល
ខេត្តកណ្តាល៖ ថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួង ចុះរឹតបន្តឹងច្បាប់ស្ដីពីការអនុវត្តច្បាប់ដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមសហការពីលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងលោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។
ប្រតិបត្តិការនេះ បានត្រួតពិនិត្យរកឃើញរថយន្តធ្ងន់ធ្ងន់ចំនួន៣៣គ្រឿងលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ តាមរយៈការដាក់ជញ្ជីងថ្លឹងនៅចំណុចគល់ស្ពានព្រែកសំរោង ផ្លូវលេខ២១បេ ភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល តាំងពីថ្ងៃរសៀលរហូតដល់ពាក់កណ្ដាលយប់អាធ្រាត ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឯកឧត្ដម អនុរដ្ឋលេខាធិការ បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឱ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងបានណែនាំកុំឱ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់ បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។
បន្ថែមពីលើនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានរំលឹកពីការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលតែងតែលើកឡើងថា «សូមអ្នកបើកបរដឹកជញ្ជូនទាំងអស់ កុំខ្លាចមន្ត្រីសមត្ថកិច្ច តែត្រូវខ្លាចច្បាប់»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់ទុកយានយន្តសរុបទូទាំងប្រទេសចំនួន ២៦៣គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។