សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ជួយ​ក្នុងការ​ចុះបញ្ជី​ដំណាំ​ភូមិសាស្ត្រ​របស់កម្ពុជា

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញាត​ឱ្យ​ឯកឧត្តម Daren Tang នាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​។​

​ឯកឧត្តម Daren Tang បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ឯកឧត្តម បានមក​កម្ពុជា​ជាច្រើន​ដង​ហើយ ហើយ​សព្វដង​ដែល​ឯកឧត្តម បាន​មកដល់​កម្ពុជា គឺ​ឃើញ​កម្ពុជា មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ឯកឧត្តម​សូម​សម្ដែង​នូវ​ការគោរព​និង​អបអរសាទរ ជូន​ចំពោះ​សម្ដេច​តេ​ជោ​និង​ប្រជាជន​កម្ពុជា ។​

​ឯកឧត្តម​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​បន្ថែមថា អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក កាលពី​ដើមឡើយ គឺជា​អង្គការ​បច្ចេកទេស ប៉ុន្តែ​នាពេលនេះ អង្គការ​នេះ កំពុង​ប្រែ​ក្លាយខ្លួន​ទៅជា​អង្គការ​អភិវឌ្ឍន៍ គាំទ្រ​គម្រោងការ​អភិវឌ្ឍ​រប​ស់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅពេលនេះ គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ផង និង​ដើម្បី​ស្វែងយល់ និង​ស្វែងរក វិធី​ជួយ​គាំទ្រ​ដល់​កម្ពុជា​ផង ។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បានស្នើ​សុំ​ឲ្យ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ជួយ​ដល់​កម្ពុជា ក្នុងការ​ចុះបញ្ជី​ដំណាំ​ភូមិសាស្ត្រ​របស់​កម្ពុជា ហើយ​ក៏បាន​ជម្រាបជូន​ឯកឧត្តម Daren Tang និង​ប្រតិភូ អំពី​ការកត់សម្គាល់​របស់​ស​ម្ដេច រួមមាន​៖ ពាណិជ្ជកម្ម​រវាង​ប្រទេស​នៅក្នុង​តំបន់ មានការ​កើនឡើង​នៅក្នុង​អំឡុងពេល​មាន​កូ​វីដ​19 នោះ​សបញ្ជាក់​ឲ្យ​ឃើញថា AFTA ចាប់ផ្ដើម​ដំណើរការ​សកម្ម​នៅពេល​ដែលមាន​ជំងឺ​កូ​វីដ​19​។

​ជា​ឧទាហរណ៍​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម​, កម្ពុជា​-​ថៃ និង​កម្ពុជា​-​ឡាវ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ កំណត់សម្គាល់​មួយទៀត គឺ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​រឿង​មួយ ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​ហួសហេតុ​ពេក នាំទៅដល់​វិបត្តិ ដែល​មិន​ត្រឹមតែ​នៅ​អឺរ៉ុប​ទេ ប៉ុន្តែ​វិបត្តិ​ជាពិសេស គឺ​វិបត្តិ​សេដ្ឋកិច្ច រីក​រាលដាល​ដល់​ប្រទេស​ដទៃទៀត នៅក្រៅ​ទ្វីបអឺរ៉ុប ក្នុងនោះ រួមមាន​ទាំង​កម្ពុជា​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close