ទីក្រុង​ក្រុង Nanning នឹង​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៩

អាស៊ាន បានក្លាយ​ទៅជា​គោលដៅ​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​ប្រទេស​រីកចំរើន​នៅលើ​ពិភពលោក ដោយសា​តែ​ទីផ្សារ​នៅក្នុង​តំបន់​នេះ​មាន​សក្តានុពល​ខ្ពស់ និង​រីកចំរើន​យ៉ាង​ឆាប់រហ័ស​ក្រោយ​សម័យ​កូ​វីដ ១៩​។ នៅក្នុង​ទីផ្សារ​អាស៊ាន ចិន​បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅ​វិស័យ​ជាច្រើន ។

​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​ខាងមុខនេះ ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៩ ជិត​នឹង​សម្ពោធ​បើក​នៅ​ក្រុង Nanning ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន ពិព័រណ៍​ចិន​-​អាស៊ាន​គឺ​បង្កើតឡើង​ទន្ទឹមនឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​អាស៊ាន ដែល​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ដំណើរ​កសាង​សហគមន៍​រួម​វាសនា​ចិន​-​អាស៊ាន​។ យើង​នាំគ្នា​រំលឹក​ឡើងវិញ​នូវ​ដំណើរ​រួមគ្នា កសាង​សហគមន៍​រួម​វាសនា​ចិន​-​អាស៊ាន​ដែលមាន​ភាព​កាន់តែ​ជិតស្និទ្ធ​។​

​បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​មក ចិន​និង​អាស៊ាន​បាន​ចែករំលែក​បទពិសោធ នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ជំរុញ​ការផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ធ្វើ​កិច្ចសហប្រតិបត្តិការ​ខាង​ការសិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង ហើយ​ឈានដល់​គំនិត​ឯកភាពគ្នា​ជាច្រើន​ក្នុងការ​រួមគ្នា គាំពារ​ស្ថិរភាព​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​។​

​ចិន​និង​អាស៊ាន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខាង​វប្បធម៌ ហើយ​ការផ្លាស់ប្តូរ​ខាង​វប្បធម៌​មនុស្សជាតិ​ក៏​ញឹកញាប់​ដែរ​។ ទ្រង់ទ្រាយ​នៃ​ការ​ប្រស្រ័យ​ទាក់ទង​រវាង​ប្រជាជន​នៃ​ភាគី​ទាំងពីរ បាន​លើសពី​៥០​លាន​នាក់​នៅ​ឆ្នាំ​២០១៨​។​

​ភាគី​ទាំងពីរ​បាន​បង្កើន​ការតភ្ជាប់​និង​កិច្ចសហប្រតិបត្តិការ ខាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវដែក ផ្លូវថ្នល់ កំពង់ផែ និង​ព្រលានយន្តហោះ​ជាដើម​។ គិត​មកទល់​ចុងខែ​កក្កដា​ឆ្នាំ​២០២២ ការដ្ឋាន​ដែល​សហគ្រាស​ចិន​បាន​ម៉ៅការ​សាងសង់ នៅ​ប្រទេស​អាស៊ាន​បាន​ដំណើរការ​ដោយ​នឹងនរ ដែល​បានសម្រេច​ទំហំ​អាជីវកម្ម​លើសពី​៣​សែន ៨​ម៉ឺន​លាន​ដុល្លារ​អាមេរិក​។​

​ពី​ខែមករា​ដល់​ខែកក្កដា​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាស៊ាន បាន​ឡើងដល់​៥​សែន ៤​ម៉ឺន ៤​ពាន់ ៩​រយ​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង​១៣,១​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំមុន ត្រូវជា​១៥​ភាគរយ​នៃ​ទំហំ​នាំចេញ​នាំចូល​សរុប​របស់​ចិន​។​

​គិត​មកទល់​ចុងខែ​កក្កដា​ឆ្នាំនេះ ទំហំ​វិនិយោគ​ទៅវិញទៅមក​រវាង​ចិន​និង​អាស៊ាន​គឺ​លើសពី​៣​សែន​៤​ម៉ឺន​លាន​ដុល្លារ​អាមេរិក ដែល​បាន​ក្លាយជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​រស់​រវើក​បំផុត ក្នុង​វិស័យ​វិនិយោគ​ទៅវិញទៅមក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close