សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ការចាកចេញ​របស់​ឯក​ឧ​ត្ត​ម អា​បេ គឺជា​ការបាត់បង់​មិត្ត​ភ​ក្កិ​ម្នាក់ ដែល​ធ្លាប់ជួយ​កម្ពុជា ក្នុង​គ្រា​លំបាក

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម KITAOKA Shinichi អតីត​ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​។​

​ឯកឧត្តម KITAOKA បាន​គោរព​សម្ដែង​នូវ​ការដឹងគុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​សម្ដេច​តេ​ជោ ដែល​បាន​ផ្ញើ​សារ​រំលែក​មរណៈទុក្ខ​របស់​ឯកឧត្តម Shinzo Abe។ ឯកឧត្តម KITAOKA មានប្រសាសន៍​បន្តថា កម្ពុជា ជា​ដៃគូ​យ៉ាងសំខាន់​របស់​ជប៉ុន។ ប្រទេស​ទាំងពីរ មាន​កិច្ចសហប្រតិបត្តិការ​ច្រើន ហើយ​ឈរលើ​មូលដ្ឋាន​ការយល់​គ្នា​ទៅវិញទៅមក លទ្ធ​ភាពល្អ និង​ជាពិសេស ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋាភិបាល​ទាំងពីរ ធ្វើ​ឲ្យ​គេ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ទទួលបាន​ជោគជ័យ​។​ ​ឯកឧត្តម KITAOKA បាន​ឆ្លៀតឱកាស​នោះ សំដែង​នូវ​ការគោរព និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ​ជា​ប្រធាន​អាស៊ាន របស់​សម្ដេច​តេ​ជោ ជាពិសេស ចំពោះ​វិធានការ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន​ឯកឧត្តម KITAOKA ថា ឯកឧត្តម អា​បេ ជា​អ្នកមានគុណ​សម្រាប់​យើង និង​ប្រទេស​ទាំងពីរ​។ ឯកឧត្តម អា​បេ បាន​បន្សល់ទុក​នូវ​សមិទ្ធផល​យ៉ាងច្រើន​នៅ​កម្ពុជា ក្នុងនោះ​រួមទាំង​ស្ពាន​គី​ហ្សូ​ណា ស្ពាន​អ្នក​លឿង ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៥ ។ ក្រៅពី​ជួយ​កម្ពុជា តាមរយៈ​ជំនួយ​រដ្ឋាភិបាល ឯកឧត្តម អា​បេ ក៏បាន​ជួយ​កម្ពុជា តាមរយៈ​ការកសាង​សាលារៀន​ឲ្យ​កម្ពុជា តាមរយៈ​សមាគម​សភា​ជប៉ុន​ផងដែរ ។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បន្ថែមថា ឯកឧត្តម អា​បេ តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការងារ​តំបន់ ក៏ដូចជា​ការងារ​មនុ​ស្ស​ធម៌​ផងដែរ​។ ឯកឧត្តម អា​បេ តែងតែ​ឆ្លៀត​ប្រជុំ​ជប៉ុន​-​មេគង្គ យ៉ាង​ទៀងទាត់ ទោះ​មានការ​មមារ​ញឹក​យ៉ាងណាក៏ដោយ ហើយ​រាល់ពេល​ក្នុង​កិច្ចប្រជុំ ឯកឧត្តម អា​បេ តែងតែ​លើកឡើង​អំពី​ការសុំ​ការគាំទ្រ​លើ​បញ្ហា​ការចាប់​ជំរិត​ជនជាតិ​ជប៉ុន ដោយ​ប្រទេស​កូរ៉េខាងជើង​។​ ​សម្ដេច​បាន​មានប្រសាសន៍​បន្ថែមថា ការចាកចេញ​របស់​ឯក​ឧ​ត្ត​ម អា​បេ គឺជា​ការបាត់បង់​មិត្ត​ភ​ក្កិ​ម្នាក់ ដែល​ធ្លាប់ជួយ​កម្ពុជា ក្នុង​គ្រា​លំបាក ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close