កម្ពុជា នឹង​ត​ភ្ជាប់​ជើងហោះហើរ​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​ខាងត្បូង នៅ​ឆ្នាំ​២០២៣

​ភ្នំពេញ​៖ ឯកឧត្តម ស៊ីន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា កម្ពុជា​នឹង​ខិតខំ​ត​ភ្ជាប់​ជើងហោះហើរ​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​ខាងត្បូង នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​ការបញ្ជាក់​ឲ្យ​ដឹង​បែបនេះ ធ្វើឡើង​ក្នុងឱកាស​ដែល ឯកឧត្តម ស៊ីន ចាន់​សិរី​វុត្ថា អញ្ជើញ​ចូលរួម​សន្និសីទ​សារព័ត៌មាន ស្តីពី «​សមិទ្ធផល​សម្រេចបាន​រយៈពេល​៥​ឆ្នាំកន្លងមក របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៉ី​វិល​» នៅ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។​

​ឯកឧត្តម ស៊ីន ចាន់​សិរី​វុត្ថា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខនេះ យើង​នឹង​ខិតខំ​ធ្វើ​ម្ដេច​ឲ្យ​មានការ​ហោះហើរ​ត​ភ្ជាប់ រវាង​អាស៊ី​ខាងត្បូង (​ប្រទេស​ឥណ្ឌា​, ប្រទេស​ស្រីលង្កា​, ប្រទេស​បា​គី​ស្ថាន​) និង​ប្រទេស​កម្ពុជា​»​។​ ​ឯកឧត្តម​ថា កម្ពុជា​ក៏​ជំរុញ​ឲ្យ​មាន​ការតភ្ជាប់​ផ្លូវ​ចាស់ ដែល​បានន័យថា ក្រុមហ៊ុន​ដែល​ធ្លាប់​ហោះហើរ​ជាមួយ​កម្ពុជា និង​ត​ភ្ជាប់​ផ្លូវ​ថ្មី​ពី​មជ្ឈិមបូព៌ា ព្រមទាំង​បាន​ត​ភ្ជាប់​ជើងហោះហើរ​ចាស់ៗ និង​ថ្មី​ឡើងវិញ​រវាង​ប្រទេស​ចិន​ផងដែរ​។​

​ឯកឧត្តម​លើកឡើងថា បច្ចុប្បន្ននេះ គឺមាន​ការរីកចម្រើន​ជាច្រើន​នូវ​ផ្លូវ​ហោះហើរ​រវាង​ចិន និង​កម្ពុជា ខណៈ​ប៉ុន្មាន​ខែ​មុខ​នេះ ការហោះហើរ​រវាង ចិន​-​កម្ពុជា មានតែ​៣​ជើង​មក និង​៣​ជើង​ទៅ​តែប៉ុណ្ណោះ ប៉ុន្តែ​ថ្មីៗ​នេះ​ឃើញថា វិ​វត្ដ​ឈានដល់​១៥​ជើង​មក និង​១៥​ជើង​ទៅ ក្នុង​មួយ​សប្ដាហ៍​។​ ​ឯកឧត្តម ស៊ីន ចាន់​សិរី​វុត្ថា បាន​ឲ្យ​ដឹងថា ចំពោះ​តម្លៃ​សំបុត្រ ក៏មាន​ការធ្លាក់ចុះ​ជា​បន្ដបន្ទាប់​ផងដែរ ដោយសារតែ​មានការ​កើនឡើង នូវ​ជើងហោះហើរ​។​

​ឯកឧត្តម ស៊ីន ចាន់​សិរី​វុត្ថា បាន​ឲ្យ​ដឹងផង​ដែរ​ថា ជំនាន់​កូ​វីដ​-១៩ តម្លៃ​សំបុត្រ​ជាង​១​ម៉ឺន​ដុល្លារ នូវ​ការហោះហើរ​ទៅវិញទៅមក រវាង​ចិន​និង​កម្ពុជា​បន្ទាប់មក ក៏មាន​ការធ្លាក់ចុះ ទៅ​៨០០០​ដុល្លារ ទៅ​៦០០០​ដុល្លារ ហើយ​ឥលូវ​នេះ​នៅសល់​ត្រឹម​ចន្លោះ​ពី​៨០០​ដុល្លារ ទៅ​១០០០​ដុល្លារ​ប៉ុណ្ណោះ​។​

​គូសបញ្ជាក់ថា រយៈពេល​៨​ខែ ឆ្នាំ​២០២២ ចំនួន​ភ្ញៀវ​ចិន​ដែល​បានមក​កម្ពុជា តាមផ្លូវ​អាកា​សមាន​ចំនួន ៤១,៤២១​នាក់ កើនឡើង​២៧.៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១ តែបើ​ធៀប​រយៈពេល​១​ខែ រវាង​ខែកក្កដា និង​ខែសីហា កើនឡើង ២២.៣៧%​។ ចំណែក​ជើងហោះហើរ​សព្វ​ថ្ងៃនេះ ពី​កម្ពុជា​ទៅ​ចិន ចំនួន​១៥​ជើង និង​ពី​ចិន​មក​កម្ពុជា ចំនួន​១៥​ជើង ក្នុង​មួយ​សប្តាហ៍​។​

​ក្នុង​រយៈពេល​៨​ខែ​នេះ កម្ពុជា​ទទួលបាន​អ្នកដំណើរ​តាមផ្លូវ​អាកាស ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា​៖

* ថៃ ចំនួន​ជិត​២៤​ម៉ឺន​នាក់ កើនឡើង​៣២២.៥%
* វៀតណាម ចំនួន​ជិត​២០​ម៉ឺន​នាក់ កើនឡើង​២៤២៤.៤%
* សហរដ្ឋអាមេរិក ចំនួន​ជាង​៣​ម៉ឺន​៤​ពាន់​នាក់ កើនឡើង​១៥៩៤%
* ឥណ្ឌូនេស៊ី ចំនួន​២​ម៉ឺន​៧​ពាន់​នាក់ កើនឡើង ៦៦១.៤%
* កូរ៉េ ចំនួន​២​ម៉ឺន​៣​ពាន់​នាក់ កើនឡើង ៩៦០.៦%
* ម៉ាឡេស៊ី ចំនួន​ជាង​២​ម៉ឺន​២​ពាន់​នាក់ កើនឡើង​២១៥៤.៣%
* បារាំង ចំនួន​ជាង​២​ម៉ឺន​២​ពាន់​នាក់ កើនឡើង​២៤៧០.៨%
* អង់គ្លេស ចំនួន​១​ម៉ឺន​៥​ពាន់​នាក់ កើនឡើង​៤២២២.៩%
* អូស្ត្រាលី ចំនួន​ជាង​១​ម៉ឺន​៣​ពាន់​នាក់ កើនឡើង​៤៥៨៩.៦%៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close