ករណីនៅវិទ្យាល័យហ៊ុនសែនសេរីភាព អាណាព្យាបាល និងសិស្សទទួលកំហុសចំពោះបញ្ហាមិនគោរពវិន័យសាលា
គណៈគ្រប់គ្រងសាសាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានដោះស្រាយបញ្ចប់ លើករណីសិស្សសរសេរលើអាវស បង្ហោះតាមបណ្តាញសង្គម ដោយអាណាព្យាបាលនិងសិស្ស ចូលខ្លួនទទួលកំហុសទាំងសងខាងរឿងសិស្សមិនគោរពវិន័យសាលា ។
លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា នៅក្នុងហេតុការណ៍សិស្សថ្នាក់ទី១២ ជិត៨០០នាក់ ប្រមូលផ្តុំគ្នាធ្វើសកម្មភាពគូររូប ចុះហត្ថលេខានិង សរសេរឈ្មោះនៅលើអាវស ក្រោយការប្រឡងឆមាសទី២ចប់នៅថ្ងៃទី១៤ ខែកញ្ញានេះ គណៈគ្រប់គ្រងសាលា និងសិស្សបានសហការប្រមូលអាវ ដែលសរសេរនោះ បានប្រមាណជាង ៣០០អាវ ។
អាណាព្យាបាលសិស្ស បានថ្លែងថា ក្រោយឃើញបណ្តាញសង្គម សារព័ត៌មានបង្ហោះផ្សាយរូបគ្រូវ៉ៃស្មាកូនស្រីលោកស្រី លោកស្រីមានការតក់ស្លុត និងបានណែនាំកូនត្រូវ គោរព វិន័យសាលា កុំប្រព្រឹត្តទង្វើកំហុសឆ្គង ហើយលោកស្រី ក៏បានស្នើសុំបណ្តាញអ្នក សារព័ត៌មាន សង្គមFacebook ជាដើម ជាពិសេសបងប្អូនមហាជនសូមបញ្ឈប់ Comments ប្រមាថកូនស្រី ដើម្បីឲ្យកូនស្រីសំរួលអារម្មណ៍ចូលរៀនធម្មតាវិញ និងត្រៀមប្រឡងបាក់ឌុបនៅពេលឆាប់ៗនេះ។
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម រស់ សូវិចារ បានសរសេរសារគំាទ្រដំណោះស្រាយរួម រវាងអាណាព្យាបាល សិស្ស និងគណៈគ្រប់គ្រងសាលានេះ ហើយក៏សូមថ្លែងអំណរគុណចំពោះមហាជន ដែលបាននិងបន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួមលើកកម្ពស់គុណភាពអប់រំកម្ពុជា ជាពិសេសនោះ ការលុបបំបាត់អំពើហិង្សាដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។