ទឹកកំពុងហក់ឡើង នៅឃុំសឿ និងឃុំតាមបណ្តោយដងស្ទឹងមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរី កាលពីល្ងាចថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹង ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់ស្ទឹងមង្គលបូរីឱ្យមានការប្រុងខណៈពិនិត្យស្ថានភាពជាក់ស្តែងឃើញថា ទឹកកំពុងធ្លាក់ពីស្រុកបវេល នៃខេត្តបាត់ដំបង ធ្លាក់ពីស្រុកម៉ាឡៃព្រមទាំងភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យទឹកស្ទឹងហក់ ឡើងយ៉ាងគំហុកនៅឃុំសឿនិងឃុំដទៃទៀតនៅបណ្តោយដងស្ទឹងមង្គលបូរី ។នេះបើតាមលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីឱ្យដឹងនៅព្រលប់ថ្ងៃទី១៨ ខែកញ្ញានេះ ។
ក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកអភិបាលស្រុកបានបញ្ជាក់ថាក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសកូនក្មេងតូចៗ មនុស្សចាស់ ជនពិការភាព ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់សម្ភារសង្គ្រោះ ដូចជាទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាពជាដើម..។
ទន្ទឹមនេះដែរមានក្រុមការងារមួយកំពុងញាប់ដៃធ្វើស្ពានឈើបណ្តោះ អាសន្នមួយទៀតនៅប្រឡាយព្រែកឃុំសឿ ស្រុកមង្គលបូរីដើម្បីសម្រួលដល់ពលរដ្ឋការធ្វើដំណើរស្រាលឆ្លងទឹកជំនន់ ។
សូមរំលឹកថា កាលពីល្ងាចថ្ងៃសៅរ ទី១៧ ខែកញ្ញាលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅប្រឡាយព្រែកសឿ ឃុំសឿ នៅភូមិ ប្រឡាយចារ៍ ឃុំចំណោម ស្រុកមង្គលបូរី។ សំណង់ស្ទាក់ទឹកពោធិពីរដើមនៅឃុំរហាត់ទឹកផងដែរ។ ជារួមស្ថានភាព ទឹក កាលណោះគ្រប់គ្រងបានពោលគឺមិនមានទឹកហក់ឡើងបន្ថែមទេ។តែក៏មិនទាន់ស្រកពីក្នុងពោះព្រែកប្រឡាយ លើដងផ្លូវលំក្រាលកៅស៊ូ លើខ្នងប្រឡាយជាដើម ។តែពេលនេះទឹកបែរជាហក់ឡើងជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។