ចរាចរណ៍​ផ្លូវអាកាស ផ្លូវគោក​ក្នុងប្រទេស​ជប៉ុន រង​ផលប៉ះពាល់ ដោយសារ​ព្យុះ​ទី​ហ្វុ​ង Nanmadol

​ព្យុះ​ទី​ហ្វុ​ង Nanmadol បាន​បោកបក់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ជាមួយនឹង​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់បោក​ខ្លាំង នា​ថ្ងៃទី​១៩ កញ្ញា ២០២២​នេះ ដោយ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា លុបចោល​ជើងហោះហើរ ប្រតិបត្តិការ​រថភ្លើង ធ្វើឱ្យ​មនុស្ស​ជាង ៣០០,០០០​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ។​

​អាជ្ញាធរ​បាន​ព្រមាន​អំពី​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី ខណៈដែល​ព្យុះ​ទី​ហ្វុ​ង​ទី​១៤ នៃ​រដូវ​កាល​នេះ​បានធ្វើ​ដំណើរ​ឆ្ពោះទៅ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​ហើយ​។​

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​និយាយថា ភ្លៀង​រហូតដល់​៤០០​មី​លី​ម៉ែត្រ ត្រូវបាន​គេ​ព្យាករណ៍​ថា នឹងមាន​នៅក្នុង​តំបន់ Tokai ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន ដែលជា​តំបន់ឧស្សាហកម្ម​របស់​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​២៤ ម៉ោង​បន្ទាប់ ។​
​មន្ត្រី​ទីភ្នាក់ងារ​មួយ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់​កន្ត្រាក់ រលក​ខ្ពស់ និង​ខ្យល់ព្យុះ​” ។​

Kyushu Railway ដែលជា​ប្រតិបត្តិ​ករ​រថភ្លើង​ដែល​បម្រើ​ដល់​កោះ Kyushu ភាគ​ខាងលិច​របស់​ប្រទេស​ជប៉ុន បាន​និយាយថា ខ្លួន​បាន​ផ្អាក​ប្រតិបត្តិការ​ទាំងអស់​សម្រាប់​ថ្ងៃ​ច័ន្ទ ខណៈដែល​ក្រុមហ៊ុន Japan Airlines និង ANA Holdings បាន​លុបចោល​ជើងហោះហើរ​ប្រហែល ៨០០ សម្រាប់​ថ្ងៃនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close