រយៈពេល​២​ថ្ងៃ​! សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប​ល្បែងស៊ីសង​បាន ៣៦​ករណី ឃាត់ខ្លួន​៧០​នាក់

​ភ្នំពេញ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បើក​ការបង្ក្រាប​បទល្មើស​ល្បែង​ស៉ី​សង សរុប​៣៦​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន​៧០​នាក់ នៅតាម​ខណ្ឌ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ត្រឹម​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​១៧-១៨ កញ្ញា ។ នេះ​បើតាម​លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​ឲ្យ​ដឹងថា «​លទ្ធផល​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ គិត​ត្រឹម​រយៈពេល​២​ថ្ងៃ ថ្ងៃទី​១៧-១៨ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នង​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​ផែនការ និង​បាន​បង្កើត​ក្រុមការងារ ដេ​ី​ម្បី​ធ្វើការ​បង្ក្រាប ការបើក​លេង​ល្បែ​ន​ស៊ីសង​ខុសច្បាប់ រយៈពេល​២​ថ្ងៃ​កន្លងមក ថ្ងៃទី​១៧-១៨ ដោយបាន​ធ្វេ​ី​ការបង្ក្រាប​៣៦​ករណី ឃាត់ខ្លួន​៧០​នាក់​»​។​

​លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​បន្តថា ក្នុងចំណោម​នុស្ស​ដែល​ឃាត់ខ្លួន​បាន​ទាំង​៧០​នាក់​នោះ ក្នុងនោះ​មាន​ស្រី​៣៥​នាក់​, ចិន​១០​នាក់​, កូរ៉េ​ម្នាក់​, អារ៉ាប់​ម្នាក់ ហើយ​ក្រៅពីនោះ​ជា​ជនជាតិខ្មែរ​។​

​គួរ​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​បញ្ជា​យ៉ាង​ដាច់​ណាត់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់រូប ជាពិសេស​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បង្ក្រាប​ឲ្យ​អស់​នូវ​ល្បែង​ស៉ី​សង​ខុសច្បាប់​គ្រប់​ប្រភេទ​។ ប្រសិនបើ​អភិបាល​រាជធានី​/​ខេត្ត អភិបាលក្រុង​/​ស្រុក​/​ខណ្ឌ​រូប​ណា​មិន​ទទួលខុសត្រូវ​លើ​តួនាទី បណ្តោយ​ឲ្យ​ល្បែង​ស៉ី​សង​រីក​សាយភាយ​ក្នុង​មូលដ្ឋាន​របស់ខ្លួន សម្ដេច​តេ​ជោ​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ដកចេញ​ពីមុខ​តំណែង​នោះឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close