សប្ដាហ៍​ទី​៣ ខែ​នេះ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ ៣០​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ថ្ងៃ​ចុង​សប្តាហ៍ ទី​១៧-១៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​៣០០,៣៨៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២៤៦,៩៦០​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៥៣,៤២៥​នាក់​។ នេះ​បើតាម​ឯកឧត្តម ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បានបញ្ជាក់​នា​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖

* រាជធានី​ភ្នំពេញ ៦៩,៤០៤​នាក់​
* ខេត្ត​ព្រះសីហនុ ២៩,៤២២​នាក់​
* ខេត្តកណ្តាល ២៥,០៩៣​នាក់​
* ខេត្តសៀមរាប ២៤,៥៧៧​នាក់​
* ខេត្តកំពត ២២,៥៥៥​នាក់​
* ខេត្តបាត់ដំបង ២០,១៩០​នាក់​
* ខេត្តកំពង់ចាម ១៩,៩៤៩​នាក់​
* ខេត្តកំពង់ស្ពឺ ១៣,២៩៨​នាក់​
* ខេត្ត​កែប ១២,៥១៩​នាក់​
* ខេត្តពោធិ៍សាត់ ១២,០៣៧​នាក់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានឱ្យដឹងថា តួលេខ​ខាងលើ មានការ​កើនឡើង​ប្រមាណ​៤៧.៣% ធៀប​នឹង​សប្តាហ៍​កន្លងមក​។ នា​ចុង​សប្តាហ៍​កន្លងមក មាន​ប្រជាពលរដ្ឋ​ជាច្រើន​បានចេញ​ទៅ​ដាក់​បិណ្ឌ​នៅតាម​វត្ត​អារាម​នានា និង​បន្ត​ចេញទៅ​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ហើយ​ស្ថានភាព​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជាតិ​មួយចំនួន​ក៏មាន​សភាព​កកកុញ​ផងដែរ​។​

​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​សារាចរ​ណែនាំ​មួយ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ទៅដល់​មន្ទីរ​ទេសចរ​ណ៍ និង​ផ្នែក​ពាក់ព័ន្ធ ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព និង SOP ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ រក្សា​តម្លៃ​សមរម្យ បរិស្ថាន​អនាម័យ និង​បញ្ជៀ​ស​ការជួបជុំ​កកកុញ​ខ្លាំង​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ដូចដែល​ធ្លាប់​កើតមាន​នា​ឆ្នាំកន្លងមក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close