ចាប់ពី​ថ្ងៃទី​២១-២៧ ខែកញ្ញា​, កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ក្រសួង សូម​ប្រយ័ត្ន​ជំនន់​ទឹកភ្លៀង​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តី ជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២១-២៧ ខែកញ្ញា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា សម្ពាធ​ខ្ពស់​នៅលើ​ប្រទេស​ចិន បាន​រុញច្រាន​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) រំកិល​ចុះមក​ក្រោម អូសបន្លាយ​កៀក​មកលើ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​កម្ពុជា ។ ដំណាលគ្នា​នោះ ខ្យល់មូសុង​និរតី​បក់ ក្នុង​ល្បឿន​ពី​ខ្សោយ​ទៅ​បង្គួរ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៅមុខ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C
* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ក្នុងនោះ​ផ្នែក​មួយចំនួន​នៃ​បណ្តា​ខេត្ត​នៅក្នុង​ភូមិសាស្ត្រ​ជាប់​នឹង​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ជាមួយគ្នានេះ ក្រសួង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បន្ត​មានការ​ប្រុង​ប្រ​យ​ត្ន័ ចំពោះ​ជំនន់​ដែល​អាច​កើតមក ពី​បរិមាណ​ទឹកភ្លៀង​ច្រើន​ហួស​កម្រិត (Overflow) និង​ជំនន់​ទឹកភ្លៀង (Flash Flood) ដែល​នឹង​បន្ត​ធ្លាក់​បន្ថែម​ថ្មី​ផ្ទួនៗ​ទៀត ជាពិសេស​នៅក្នុង​ភូមិសាស្ត្រ​នៃ​តំបន់​ជាប់​ជួរ​ភ្នំ​, ទំនាប​ជាប់​ក្បែរ​ផ្លូវទឹក និង​ភូមិ​សា​ស្ត​ជាប់​ព្រំដែន​ថៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close