ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចការកសាងសងជិត ៦០%ហើយ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ជានាយកគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹង បត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសគម្រោងពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសគម្រោងស្តីពីវឌ្ឍនភាពនៃការ អនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។
ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម-កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។
សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោង គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេ៥ សម្រេចបានចំនួន ៥៨,៤៨%ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។