ក្រសួង​សាធារណការ នឹង​ដាក់ឱ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ ដោយ​មិន​បង់ប្រាក់ រយៈពេល​៤​ថ្ងៃ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ មេត្តា​ជ្រាបថា អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់ ដែល​នឹងធ្វើ​ដំណើរ​ទៅលេង ស្រុកកំណើត​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សហការ​ជាមួយ ក្រុមហ៊ុន​រ៉ូយ៉ាល់​រេល​វេ​(Royal Railway) នឹង​រៀបចំ​ដាក់ឱ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ ដោយ មិន​បង់ប្រាក់ រយៈពេល ០៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ​២០២២​។​

​សូម​ជម្រាប​បញ្ជាក់ជូន​ផងដែរ​ថា ចំពោះ​សំបុត្រ​សម្រាប់​ការធ្វើដំណើរ​តាម​រថភ្លើង​ទាំងពីរ​ខ្សែ​នេះ នឹង​ចែកជូន​ផ្ទាល់​នៅ​ស្ថានីយ​រាជា​យ​ស្ម័យ​យាន (​ស្ថានីយ​រថភ្លើង​ភ្នំពេញ​) និង​នៅតាម​ស្ថានីយ​នៃ​បណ្តា​ខេត្ត រយៈពេល ០២​ថ្ងៃ មុន​ថ្ងៃ​ធ្វើដំណើរ ចាប់ពី​ម៉ោង ០៧:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៧:០០​នាទី​ល្ងាច​។​

​ទន្ទឹមនេះ ក្នុងនាម​ស្ថាប័ន​ទទួលបន្ទុក​អនុវត្ត រួមទាំង​ថ្នាក់ដឹកនាំ និង​បុគ្គលិក​មន្ត្រីរាជការ​នៃ​ក្រសួង សាធារណការ​និង​ដឹកជញ្ជូន សូម​ប្រសិទ្ធ​ពរជ័យ សិរី​សួស្តី​បវរ​មហាប្រសើរ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពុទ្ធសករាជ​២៥៦៦. គ្រិស្តសករាជ​២០២២​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើដំណើរ​ទៅកាន់​ទីជិត ឆ្ងាយ​ប្រកបដោយ​ផាសុកភាព និង​សុខ​សុវត្ថិភាព​គ្រប់ពេលវេលា​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​ធ្វើដំណើរ តាម​ខ្សែ​រថភ្លើង ទៅតាម​កាលបរិច្ឆេទ​ពេលវេលា និង​ទិសដៅ​ធ្វើដំណើរ​ដូច​បាន​ជម្រាប​ជូនដំណឹង​ខាងលើនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close