រញ្ជួយ​ដី​កម្រិត​៧.៦​រ៉ិ​ច​ទ័​រ អង្រួន​ប្រទេស​ម៉ិ​ក​ស៊ិ​ក ចំ​ខួប​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​២​លើក

​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៦​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​តំបន់​ភាគ​ខាងលិច​ម៉ិ​ក​ស៉ិ​ក កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ចំ​គម្រប់​ខួប​នៃ​ហេតុការណ៍​រញ្ជួយ​ផែនដី យ៉ាងធ្ងន់ធ្ងរ​២​លើក​កន្លងមក ហើយ​បាន​ផ្តាច់ជីវិត​មនុស្ស​យ៉ាងហោច ២​នាក់ ព្រមទាំង​បង្ក​ការខូចខាត ចំពោះ​សំណង់​អគារ​, ធ្វើ​ឱ្យដាច់​ការផ្គត់ផ្គង់​អគ្គិសនី និង​បង្ក​ឱ្យ​មនុស្សម្នា​នៅឯ​រដ្ឋធានី​ម៉ិ​ក​ស៉ី​កូ​ស៉ី​ធី រត់​ប្រសាច​ចេញមក​ខាងក្រៅ ដើម្បី​សុវត្ថិភាព​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២០ ខែកញ្ញា ឆ្នាំ​២០២២​។​

​អាជ្ញាធរ​ម៉ិ​ក​ស៉ិ​ក​បានឱ្យដឹងថា មនុស្ស​២​នាក់​បាន​ស្លាប់ នៅ​ទីក្រុង​ម៉ាន់​ហ្សា​នី​ឡូ (Manzanillo) ដែល​នៅ​ខាង​មហាសមុទ្រ​ប៉ា​ស៉ី​ហ្វិ​ក ដោយ​ក្នុងនោះ​ម្នាក់​ត្រូវ​ផ្នែក​ខាងមុខ​នៃ​ហាង​លក់ទំនិញ​មួយកន្លែង បាក់​សង្កត់​ចំ​លើ ហើយ​ម្នាក់ទៀត​ត្រូវបាន​គេ​រកឃើញ​ស្លាប់ នៅក្នុង​ផ្សារ​ទំនើប​មួយកន្លែង​។​

​ក្រៅពីនេះ ក៏មាន​សេចក្តីរាយការណ៍​ថា មន្ទីរពេទ្យ​មួយចំនួន​បាន​រង​ការខូចខាត នៅ​រដ្ឋ​មី​ចូ​ឃែ​ន (Michoacan) ក្បែរ​ចំណុច​រំ​ញ័រ​ផងដែរ ដែល​ស្ថិតនៅ​កន្លែង​មិនសូវមាន មនុស្ស​រស់នៅ​ច្រើន​ប៉ុន្មាន​ឡើយ នៃ​ប្រទេស​ម៉ិ​ក​ស៉ិ​ក​។ មិនតែប៉ុណ្ណោះ បើតាម​អាជ្ញាធរ​អគ្គិសនី​ជាតិ​ម៉ិ​ក​ស៉ិ​ក អ្នកប្រើប្រាស់​១.២​លាន​នាក់ បាន​ទទួលរង​ការប៉ះពាល់ ដោយសារតែ​ហេតុការណ៍​រញ្ជួយ​ដី​។​

​គួរ​បញ្ជាក់ថា យោងតាម​អភិបាលក្រុង​ម៉ិ​ក​ស៉ី​កូ​ស៉ី​ធី ភ្លាមៗ​គឺ​មិនទាន់មាន​សេចក្តីរាយការណ៍ អំពី​ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ខ្លាំង នៅក្នុង​រដ្ឋធានី​នេះ​នៅឡើយ​ទេ ក្រោយ​គ្រោះ​រញ្ជួយ​ដី​ខាងលើ ដែល​បាន​អង្រួន​ប្រទេស​ម៉ិ​ក​ស៉ិ​ក ចំ​ថ្ងៃ​ដូចគ្នា​ទៅនឹង​គ្រោះ​រញ្ជួយ​ដី​២​លើក ដែល​បាន​វាយប្រហារ​យ៉ាងដំណំ​បំផុត មកលើ​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ កាលពី​ឆ្នាំ​១៩៨៥ និង​ឆ្នាំ​២០១៧​។​

​គ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​១៩៨៥ បាន​ផ្តាច់ជីវិត​មនុស្ស​ដល់​ខ្ទង់​រាប់ពាន់នាក់ ខណៈ​ជាង​៣៥០​នាក់ បាន​ស្លាប់ ក្នុង​គ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close