ក្រសួងការងារ ចេញប្រកាសពីការដំឡើងប្រាក់ឈ្នួលដល់កម្មករ២០០ដុល្លារ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មការនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ក្នុងឆ្នាំ២០២៣ ក្នុងនោះត្រូវបានដំឡើងដល់២០០ដុល្លារក្នុងមួយខែ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីព័ត៌មានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន១៧រូប តំណាងភាគីនិយោជកចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានបើកកិច្ចប្រជុំចំនួន២៥លើក (ប្រជុំផ្ទៃក្នុងភាគីកម្មករនិយោជិតចំនួន៧លើក ភាគីនិយោជកចំនួន៣លើក ភាគីរដ្ឋាភិបាលចំនួន២លើក ទ្វេភាគីរាជរដ្ឋាភិបាលជាមួយភាគីកម្មករនិយោជិត និងភាគីនិយោជកចំនួន៨លើក និងត្រីភាគីចំនួន៥លើក) ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។
ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន៣ផ្សេងគ្នា គឺតួលេខ២០៦ដុល្លារអាម៉េរិក ២១០ដុល្លារអាមេរិក និង២១៣ដុល្លារអាមេរិក តំណាងភាគីនិយោជកបានដំឡើងដល់តួលេខចំនួន១៩៨ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ១៩៨ដុល្លារអាមេរិក។ យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីគាំទតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖
* តួលេខចំនួន១៩៨ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត៤៦សំឡេង លើ៥១សំឡេង
* តួលេខចំនួន២០៦ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត០សំឡេង លើ៥១សំឡេង
* តួលេខចំនួន ២១០ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត០សំឡេង លើ៥១សំឡេង
* តួលេខចំនួន ២១៣ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត៥សំឡេង លើ៥១សំឡេង
* សំឡេងមិនបានការចំនួន០សំឡេង លើ៥១សំឡេង។
ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន១៩៨ដុល្លារអាមេរិក ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។