ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ សម្រេចការ​សាងសង់​ស្ទើរ​ទាំងស្រុងហើយ!

​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​បញ្ជាក់ថា គិត​មកដល់ពេលនេះ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​- ព្រះ​សី​ហុន សម្រេច​ការងារ​សាងសង់​រួចរាល់​ស្ទើរតែ ១០០%​ហើយ ខណៈ​ការងារ​នៅសល់​បន្តិចបន្តួច ក្រុមហ៊ុន​នឹង​សាងសង់​ឱ្យបាន​រួចរាល់ មុនពេល​បើក​ដំណើរ​ជា​បណ្តោះ អាសន្ន ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ចំនួន​១​ខែ នៅ​ខែតុលា ឆ្នាំ​២០២២​ខាងមុខនេះ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​យ៉ាងដូច​នេះ​នា​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ ក្នុងឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ រួមទាំង​ក្រុមហ៊ុន​សាងសង់ ចុះ​ពិនិត្យ​លើកចុងក្រោយ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មុននឹង​ដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ពី​ការប្រើប្រាស់​ល្បឿន​លើផ្លូវ​នេះ​ផងដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជា​កើ​ថា សម្រាប់​រថយន្ត​គ្រួសារ ដែលជា​រថយន្ត​តូច​អាច​បើកបរ​ល្បឿន​ខ្ពស់បំផុត ១២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ខណៈដែល​ល្បឿន​ទាប​បំផុត ៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ចំពោះ​រថយន្ត​កុងតឺន័រ ដែលមាន​សណ្តោង​អនុញ្ញាតឱ្យ​ប្រើប្រាស់​ល្បឿន​ត្រឹមតែ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​រថយន្ត​ធំ​អត់​មាន​សណ្តោង អាចឱ្យ​ប្រើប្រាស់​ល្បឿន ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​សូម​ជម្រាបជូន​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង ១៨៧.០៥​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់ សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ផ្លូវ​នេះ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈពេល​សាងសង់ ៤៨​ខែ គ្រោង​ចំណាយ​ថវិកា​ជាង ២​ពាន់​លាន​ដុល្លារ សហរដ្ឋអាមេរិក មាន​គន្លង ផ្លូវ ចំនួន​៤​គន្លង ទទឹងផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស ៧​កន្លែង មាន​កន្លែង​ឈប់សម្រាក​ចំនួន ៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន ៤​កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ ៨​គីឡូម៉ែត្រ និង​ខេត្ត​ចំនួន​០៤​បួន ក្នុងនោះ​៖ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះសីហនុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​ផ្លូវ របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត​នៅ​កម្ពុជា ជួយ​កាត់បន្ថយ ពេលវេលា​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយ​តម្លៃ​ភស្តុភា​រកម្ម​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close