សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ
នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) តាមរយៈប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង នាឱកាសនេះ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ដ្រីប្រធានប្រតិភូទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នៃបណ្ដាប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សន្ដិសុខ នយោបាយ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សម្ដេចក្រឡាហោម ស ខេង បានចូលរួមអបអរសាទរចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់នៃបណ្តារដ្ឋសមាជិកអាស៊ាន ដែលបានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតីរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យស្ថានភាពប្រឈមនៅក្នុងតំបន់អាស៊ានមានការវិវដ្តប្រែប្រួលប្រកបដោយភាពវិជ្ជមាន ។
យ៉ាងណាក៏ដោយ សម្ដេចបានទាញចំណាប់អារម្មណ៍អង្គប្រជុំថា នៅមានកិច្ចការសំខាន់ៗជាអាទិភាពច្រើនទៀតដែលអាស៊ានត្រូវបន្តផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ដូចជាគ្រោះមហន្តរាយធម្មជាតិ សង្គ្រាមប្រដាប់អាវុធ វិបត្តិថាមពល ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងដោយបទល្មើសមិនប្រពៃណី ដូចជា អំពើជួញដូរ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទូរគមនាគមន៍ ការជួញដូរគ្រឿងញៀន និងការសម្អាតប្រាក់ជាដើម។
សម្ដេចបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនាឱកាសនេះ នឹងដើរតួជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្លាស់ប្ដូរ និងចែករំលែកទៅវិញទៅមកនូវព័ត៌មាន ក៏ដូចជាបទពិសោធន៍ថ្មីៗក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបុព្វហេតុនៃសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព ភាពសុខដុមរមនា និងការអភិវឌ្ឍសម្រាប់តំបន់អាស៊ានទាំងមូល ។
សូមបញ្ជាក់ថា កិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងបន្តធ្វើរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយនៅព្រឹកថ្ងៃស្អែក សម្ដេចក្រឡាហោម ស ខេង នឹងបន្តអញ្ជើញដឹកនាំកិច្ចប្រជុំបូក៣ គឺអាស៊ានបូក ចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយនៅពេលល្ងាចសម្ដេចនឹងថ្លែងសុន្ទកថាបិទ ព្រមទាំងផ្ទេរតួនាទីប្រធានជូនរដ្ឋមន្ត្រីឥណ្ឌូនេស៊ី។ សេចក្ដីប្រកាសព័ត៌មានរួមមួយនឹងត្រូវបានធ្វើឡើងនៅក្រោយចប់កិច្ចប្រជុំ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។