សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ អញ្ជើញ​ដល់ទី​ក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ប្រកបដោយ​សុវត្ថិភាព ដើម្បី​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧

​នៅវេលា​ម៉ោង​១៨.០៣​នាទី ល្ងាច​ថ្ងៃទី​២១ ខែកញ្ញា​ឆ្នាំ ២០២២ ម៉ោង​នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ត្រូវ​នឹង​ម៉ោង​៥.០៣​នាទី ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ម៉ោង នៅ​ទីក្រុង​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរ​ដល់ទី​ក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ប្រកបដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពី​ធ្វើការ​ហោះហើរ​អស់​រយៈពេល​ប្រមាណ​ជា​២២​ម៉ោង​។

​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្ដេច​តេ​ជោ​ត្រូវ​បានទទួល​ការធ្វើ​ភារ​វ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​សហរដ្ឋអាមេរិក ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សហរដ្ឋអាមេរិក និង​មន្ត្រី​ពាក់ព័ន្ធ​សំខាន់ៗ​ជាច្រើន​ទៀត​។

​សូមជម្រាបថា សម័យប្រជុំ​លើក​ទី​៧៧ នៃ​កិច្ចពិភាក្សា​ទូទៅ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ក្រោម​ប្រធានបទ “​ចំណុច​របត់​សំខាន់​នៃ​ការផ្លាស់ប្ដូរ​មិនអាច​ត្រឡប់ក្រោយ​បាន​÷ ដំណោះស្រាយ​បរិបទ​កម្ម​ចំពោះ​បញ្ហា​ប្រឈម​ប្រទាក់ក្រឡា​គ្នា​”​ចាប់ពី​ថ្ងៃទី​២១ ដល់ ២៣ ខែកញ្ញា​ឆ្នាំ​២០២២​នៅ​ទីក្រុង​ញូយ៉ក​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ​របស់​កម្ពុជា នៅក្នុង​កិច្ចពិភាក្សា​ទូទៅ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ បទ​អន្តរាគមន៍​នេះ នឹង​ផ្តោតលើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ក្នុងការ​គាំទ្រ​ពហុភាគី​និយម​ផ្អែកលើ​គោលការណ៍​ច្បាប់ ការរួម​សហការគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង ផ្នែក​សន្តិសុខ​ជាស​កល​ដែល​កំពុង​បន្ត​កើតមាន ការប្រែប្រួល​អាកាសធាតុ ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី គោលនយោបាយ​ឌីជីថល​និង​សេដ្ឋកិច្ច​បៃតង ព្រមទាំង​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុ​ជា​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការរក្សាបាន​នូវ​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​យូរអង្វែង​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូយ៉ក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹងមាន​ជំនួប​បន្តបន្ទាប់​គ្នា ជាមួយ ឯកឧត្តម អាន់ តូ​នី​ញ៉ូ ហ្វូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯកឧត្តម ឆា​លស៍ មី​ឆែ​ល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោកជំទាវ សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស ឯកឧត្តម​បណ្ឌិត ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​ម៉ូ​ស អរ​តា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ហើយ​និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close