បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​២៣ កញ្ញា​នេះ បាន​ហើយ​

​ភ្នំពេញ​៖ នា​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ គឺជា​ថ្ងៃទី​១ នៃ​ការចាប់ផ្ដើម​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ ដែល​រៀបចំឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ ដោយ​ឥតគិតថ្លៃ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត ដើម្បី​ជួបជុំ​ក្រុមគ្រួសារ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

​ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់​ដែល​នឹងធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត​ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ប្រកបដោយ​សេចក្តី​សប្បាយរីករាយ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ រថយន្តក្រុង​ចំនួន ១៧៥ គ្រឿង សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ​រយៈពេល ០៥​ថ្ងៃ ពីថ្ងៃ​ទី​២៣​នេះ ដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​មិន​បង់ប្រាក់ ដែល​ក្នុងនោះ ៖
១)​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​រថយន្តក្រុង ៥៥​គ្រឿង ។​
២. សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅតាម​បណ្ដា​ខេត្ត និង​ត្រលប់មក​រាជធានី​ភ្នំពេញ​វិញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​រថយន្តក្រុង​ចំនួន​១២០​គ្រឿង ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង ៥:៣០​នាទី​ព្រឹក​។ ចំពោះ​ទីតាំង​ចេញដំណើរ​ទៅតាម​បណ្តា​ខេត្ត សូម​មើល​តារាង​កម្មវិធី​ដូច​បាន​ភ្ជាប់​ជូន​។​

​ម្យ៉ាងវិញទៀត សូម​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ឯកជន​ទាំងអស់ សូម​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល ដោយ​ពុំ​តម្លើងថ្លៃ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​នេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ទទួលបាន​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត និង​ការធ្វើដំណើរ​ទៅ​ទីតាំង​កម្សាន្ត​នានា ក៏ដូចជា​ការជួបជុំ​ក្នុង​គ្រួសារ ជាពិសេស​សូម​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព​ទាំងអស់គ្នា ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់ ៣​កុំ ៣​ការពារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close