ករណី​លិច​ទូក​ ០១​គ្រឿង ក្នុង​ខេត្ត​ព្រះសីហនុ បាត់​ខ្លួន​មនុស្ស ២៣​នាក់

​រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី​លិច​ទូក​ចំនួន ០១​គ្រឿង ស្ថិតនៅ​ចំណុច​និយាម​កាម​១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ដឹកនាំ​កម្លាំង​អង្គភាព​បង្ក្រាប​ចំនួន​១៦​នាក់ និង​មធ្យោបាយ​ចំនួន​០២​គ្រឿង (១.៦០០​សេស ០១​គ្រឿង​និង​៧០០​សេស ០១​គ្រឿង​) ចេញទៅ​ជួយសង្គ្រោះ និង​សង្គ្រោះ​មនុស្ស​បាន​ចំនួន​១៨​នាក់​។

​ក្រោយពី​បានធ្វើ​ការសាកសួរ​ទៅលើ​ឈ្មោះ CHENGUI SHENG ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥ ស្រុ​កំណើត ខេត្ត​ហ្វូ​ចៀន ប្រទេស​ចិន ជា​តំណាង​ជនរងគ្រោះ បាន​ប្រាប់ថា នៅលើ​ទូក​មាន​ជនជាតិ​ចិន​សរុប​ចំនួន ៤១​នាក់ ស្រី​០៣​នាក់ សង្គ្រោះបាន​១៨​នាក់ បាត់​ខ្លួន​ចំនួន ២៣​នាក់ ស្រី​០៣​នាក់​។ បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​១៨​នាក់ ត្រូវបាន​យកទៅ​រក្សាទុក នៅ​វរ​សេនា​តូច​លេខ​២៤០ (​កោះរ៉ុង​) ដើម្បី​ធ្វើការ​សួរនាំ និង​កំពុង​ស្វែងរក​ជនរងគ្រោះ​បាត់​ខ្លួន​២៣​នាក់​បន្តទៀត​។

​ជាមួយគ្នានេះ​កម្លាំង​អង្គភាព​បានធ្វើ​ការឃាត់​ទូក​ចំនួន ០១​គ្រឿង​ផ្សេងទៀត មាន​មនុស្ស​ចំនួន​០២​នាក់​ជា​ជនជាតិខ្មែរ ដោយបាន​ប្រគល់ជូន​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ សួរនាំ​តាម​នីតិវិធី ដោយឡែក​ទូក​រក្សាទុក​នៅ​អង្គភាព​។

​សូម​ជម្រាបជូន​ថា ប្រតិបត្តិការ​នៃ​ការស្វែងរក​ជនរងគ្រោះ​បាត់​ខ្លួន​ទាំង​២៣​នាក់ បាន និង​កំពុង​ធ្វើឡើង​នៅ​ផ្ទៃសមុទ្រ​ដែលជា​ទីតាំង​លិច​ទូក និង​ភូមិសាស្ត្រ​ជុំវិញ​ទីតាំង​កើតហេតុ​។ ​រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ប្រកាស​ដល់​ក្រុម​ជួយសង្គ្រោះ ឬ​ទូក​នេសាទ​ទាំងអស់ ក្នុងករណី​សង្គ្រោះបាន​ជនរងគ្រោះ​ចំនួន​០១​នាក់ នឹង​ផ្តល់ជូន​ថវិកា​លើកទឹកចិត្ត​ចំនួន​២​លាន​រៀន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close