បុរសម្នាក់បានស្លាប់ក្នុងរថយន្ត បន្ទាប់ពីបើករថយន្តធ្លាក់ចូលក្នុងទំនប់អាងទឹកកំពីងពួយ
បុរសម្នាក់បានស្លាប់ក្នុងរថយន្ត បន្ទាប់ពីបើករថយន្តធ្លាក់ចូលក្នុងទំនប់អាងទឹកកំពីងពួយ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ត្រង់ចំណុចក្រុមទី១៨ ភូមិតាងែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
តាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុ កាលពីវេលាម៉ោងប្រហែល២២យប់ថ្ងៃទី២៦ ខែកញ្ញាម្សិលមិញ ជនរងគ្រោះខាងលើបានបើកបររថយន្តម៉ាក ISUZU D.MAX ពណ៌ស ពាក់ស្លាកលេខបាត់ដំបង ២G.៩៩៨៩ នៅតាមបណ្តោយផ្លូវលើខ្នងទំនប់អាងទឹកកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ លុះធ្វើដំណើរមកដល់ចំណុចផ្លូវឡើងស្រែថ្មី ស្ថិតក្នុងភូមិតាង៉ែនទំនងខ្វះការប្រុងប្រយ័ត្ន(សង្ស័យក្នុងស្ថានភាពស្រវឹង) ក៏បានរ៉េចង្កូតធ្លាក់ចូលក្នុងទំនប់អាងទឹកកំពីងពួយបណ្ដាលឱ្យស្លាប់ក្នុងរថយន្តតែម្ដង។
សពជនរងគ្រោះមានឈ្មោះ ហេង បណ្ឌិត អាយុ២៨ឆ្នាំ រស់នៅភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅស្ទូចយករថយន្តឡើងមកលើគោក រួចទាញយកសពចេញពីរថយន្ត ដើម្បីពិនិត្យធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី..៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។