ព្យុះទី១៦ ឈ្មោះ NORU កំពុងមានឥទ្ធិពលលើអាងទឹកទន្លេមេគង្គ, ក្រសួង សូមឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត
ភ្នំពេញ៖ យោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៩,៤០ម៉ែត្រ។
សូមបញ្ជាក់ថា ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ ទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត។ ចំពោះនៅតំបន់ភាគឦសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។