កម្ពុជា និង​តួ​ក​គី កំណត់​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​២ និង​ជំរុញ​ឲ្យ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ នៅក្នុង​ខែតុលា ឆ្នាំ​២០២២

​ឆ្លៀតឱកាស​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម​ប្រទេស G20 នៅវេលា​ម៉ោង ៦ ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២, ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជួបប្រជុំ​ទ្វេរ​ភាគី​ជាមួយ​ឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​នៃ​សាធារណរដ្ឋ​តួ​ក​គី​។



ឯកឧត្តម​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្ត និង​បានកំណត់​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​២ ដោយ​ជុំ​រុញអោយ​ក្រុមប្រឹក្សា​កសិកម្ម​នៃ​ប្រទេស​ទាំង​២ រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ នៅក្នុង​ខែតុលា ឆ្នាំ​២០២២ ដើម្បី​កំណត់​នូវ​អនុវិស័យ​អាទិភាព​សំខាន់ៗ​សម្រាប់​ពង្រីក​ការធ្វើ​កិច្ចសហការ​រវាង​ប្រទេស​ទាំង​២​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជំរុញអោយមាន​ការផ្លាស់​ប្តូរ និង​ចែករំលែក​បច្ចេកទេស​វិទ្យាសាស្ត្រ និង​បទពិសោធន៍​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សារ​រវាង អ្នក​គោលនយោបាយ អ្នកបច្ចេកទេស អ្នកស្រាវជ្រាវ និង​ជាពិសេស​អ្នកវិនិយោគ វិស័យ​ឯកជន ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​កសិកម្ម និង​ការធ្វើ​ធុរកិច្ច​នៃ​ប្រទេស​ទាំង​២​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​សម​ភាគី​តួ​ក​គី ជួយផ្តល់​អាហារ​រូបករណ៍ និង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​កសិកម្ម​ដល់​កម្ពុ​ជា​។

​ឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រី​កសិកម្ម​តួ​ក​គី សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​ទទួលយក​នូវ​សំណើរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជុំ​រុញអោយ​ក្រុមប្រឹក្សា​កសិកម្ម​នៃ​ក្រសួងកសិកម្ម​នៃ​ប្រទេស​ទាំង​២ ពិភាក្សារ និង​កំនត់​នូវ​វិស័យ​សំខាន់ៗ​បន្ថែមទៀត​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក​សិ​កម្ម​រវាង​ប្រទេស​ទាំង​២ កាន់តែ​រឹងមាំ និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាកសិក និង​ប្រជាជន​នៃ​ប្រទេស​ទាំង​២​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close