គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤៨ ខេត្តកោះកុង សម្រេចបាន​១០,៧៣%​ហើយ

​កោះកុង​៖ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ ឯកឧត្តម សូរ វ៉ិ​ច​ទ័​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង បាន​ដឹកនាំ​គណៈប្រតិភូ​ដែលមាន​សមាសភាព​ចូលរួម​ពី​លោកស្រី Minnie Chey នាយិកា​មូលនិធិ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​កូរ៉េ​(EDCF) តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រុមហ៊ុន​សាងសង់ ក្រុមការងារ​បច្ចេកទេស​ក្រសួង ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស មន្ត្រី​ជំនាញ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤៨​។

​បេសកកម្ម​នេះ​មាន​គោលបំណង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៃ​ការអនុវត្ត​គម្រោង និង​រៀបចំ​ផែនការ​សកម្មភាព និង​ទិសដៅ​ការងារ​បន្ត សំដៅ​ព​ន្លឿ​ន​ការងារ​សាងសង់​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ ឱ្យសម្រេចបាន​តាម​ផែនការ​គម្រោង​ដែល​បានកំណត់​។​

​យោងតាម​របាយការណ៍​របស់​អង្គភាព​គ្រប់គ្រង​គម្រោង​ឱ្យដឹងថា​គិត​រហូត​មកទល់ពេលនេះ គម្រោង​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨​នេះ សម្រេច​វឌ្ឍនភាព​ការងារ​បាន​ចំនួន​១០,៧៣%​ហើយ គិត​ចាប់តាំងពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២​មក​។​

​នៅក្នុង​ដំណើរ​បេសកកម្ម​នេះ គណៈប្រតិភូ បាន​ចុះ​ពិនិត្យមើល​ការងារ​បច្ចេកទេស​នៃ​ទីតាំង​ការដ្ឋាន​សំខាន់ៗ​មួយចំនួន រួមទាំង​ទីតាំង​ការដ្ឋាន​កែសម្រួល​តម្រាយ​ផ្លូវ​ចំណោត​តា​តៃ ឱ្យស្រប​តាម​ស្តង់ដារ​បច្ចេកទេស ដើម្បី​ធានា​ឱ្យ​រថយន្ត​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ការធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធានាបាន​នូវ​សុវត្ថិភាព​ក្នុងការ​បើកបរ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​ធានាបាន​អនុលោមភាព​តាម​ស្តង់ដារ​បច្ចេកទេស​នៃ​ការសាងសង់​ផ្លូវ​បាន​រឹងមាំ ដែល​អាច​ទទួលយកបាន​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

​សូម​ជម្រាបជូន​ថា​៖ កំណត់​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ ចាប់ពី​ចំការ​ហ្លួង ស្រុកស្រែ​អំបិល​ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះ​ប្រវែង​១២២,៩ គីឡូម៉ែត្រ​មាន​ចំនួន​ពីរ​គន្លង​ប្រវែង​២៥,១​គីឡូម៉ែត្រ មាន​ចំនួន​០៤ គន្លង​លើ​ទីតាំង​ចំនួន​បួន​គឺ​៖ ១) ប្រវែង​១២​គីឡូម៉ែត្រ (​គ​.​ម ០+០០០-​គ​.​ម ១២+០០០) ២) ប្រវែង​៣,៤ គីឡូម៉ែត្រ​(​គ​.​ម ៥៧+៧០០- គ​.​ម ៦១+១០០) ចំណុច​អន្ទង់អាំង និង​ជា​កន្លែង​ប្តូរ​ខ្សែ ផ្លូវ​ថ្មី​ទី​១(Realignment) ៣) ប្រវែង​៤,២​គីឡូម៉ែត្រ (​គ​.​ម​១២៤+៤០០-​គ​.​ម​១២៨+៦០០) ចំណុច ចំណោត​តា​តៃ និង​ជា​កន្លែង​ប្តូរ​ខ្សែ​ផ្លូវ​ថ្មី​ទី​២(Realignment) និង​៤) ប្រវែង​៥,៥ គីឡូម៉ែត្រ​(​គ​.​ម ១៤២+៥០០-​គ​.​ម ១៤៨+០៣៨) ទទឹងផ្លូវ​១១​ម៉ែត្រ​(​ពីរ​គន្លង​) ១៨,៥​ម៉ែត្រ​ដល់ ២១,៥​ម៉ែត្រ​(​បួន​គន្លង​) ក្រាល​បេតុង​កៅស៊ូ​(AC) (​កម្រាស់ ០៧​សង់ទីម៉ែត្រ ) បេតុង​សរសៃដែក​(២៥​សង់ទីម៉ែត្រ​) ត្រង់​ផ្លូវ​ប្រសព្វ​។​

​ផ្លូវជាតិ​លេខ​៤៨ ត​ភ្ជាប់​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្តកោះកុង ប្រវែង​១៤៨ គីឡូម៉ែត្រ​។ ផ្លូវជាតិ​លេខ​៤៨ នេះ ចាប់ផ្តើម​សាងសង់​ពី​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល រហូតដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ គម្រោង​ផ្លូវ​នេះ រួម មាន​៖ ផ្លូវ​២​គន្លង មាន​ប្រវែង ១២២.៩​គីឡូម៉ែត្រ ទទឹងផ្លូវ ១១​ម៉ែត្រ និង ផ្លូវ​៤​គន្លង មាន​ប្រវែង​២៥.១​គីឡូម៉ែត្រ ទទឹង​ចាប់ពី ១៨.៥​ម៉ែត្រ ដល់ ២១.៥​ម៉ែត្រ​។

​គម្រោង​នេះ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៣២​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២៤ សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​កូរ៉េ ILSUNG & HANIL Joint Venture និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោង​ចំណាយ ថវិកា​សរុប​ប្រមាណ ៦៥,១៤​លាន​ដុល្លារ​អាមេរិក ក្រោម​ឥណទាន​សម្បទាន ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដោយ​មិន​រាប់បញ្ចូល​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការងារ​ដោះស្រាយ​ផលប៉ះពាល់ និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close