រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនឯកឧត្តម ឧត្តមសេនីយ៍ លោកជំទាវ អ្នកឧកញ៉ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អង្គការជាតិ អន្តរជាតិ សមាគម គ្រឹះស្ថានសិក្សា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករទូទាំងខេត្ត ជ្រាបថា គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២។
នៅរៀងរាល់ រាត្រី មានការដាក់តាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយ និងសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត អមដោយ ការប្រគុំតន្ត្រីសម័យ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។
រដ្ឋបាលខេត្ត បញ្ជាក់ថា ចំពោះពិធីអកអំបុក នឹងរៀបចំនារាត្រីថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅបរិវេណខាងជើងគល់ស្ពានថ្មថ្មី សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ។
ទន្ទឹមនឹងនេះ អភិបាល នៃគណៈអភិបាលខេត្ត សូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជន មេត្តាជួយឧបត្ថម្ភគាំទ្រផ្ដល់អំណោយ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗ ដើម្បីជួយទ្រទ្រង់កម្មវិធី ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ទទួលបានលទ្ធផល ល្អប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។