រដ្ឋបាល​ជលផល បើក​រដូវ​នេសាទ នៅក្នុង​ដែន​នេសាទ​ទឹកសាប ឆ្នាំ​២០២២-២០២៣

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២​នេះ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបើក​រដូវ​នេសាទ សម្រាប់​ឆ្នាំ​២០២២-២០២៣ ។

​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹងថា រដូវ​បើក​នេសាទ​សម្រាប់​ការនេសាទ នៅក្នុង​ដែន​នេសាទ​ទឹកសាប ត្រូវ​បានកំណត់​ដូចខាងក្រោម​៖

* ចាប់ពី​ថ្ងៃទី​០១ ខែតុលា ដល់​ថ្ងៃទី​៣១ ខែឧសភា ចំពោះ​ដែន​នេសាទ​ទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី មណ្ឌល​គី​រី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និង​មួយផ្នែក​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ​។ ដោយឡែក ខេត្តស្ទឹងត្រែង ចាប់ពី​ថ្ងៃទី​០១ ខែតុលា រហូតដល់​ថ្ងៃទី​៣០ ខែមេសា​។​

* ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣០ ខែមិថុនា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង​មួយផ្នែក​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ​។ នៅ​ក្នង​រយៈពេល​បើក​នេសាទ​នេះ អ្នកនេសាទ​ទាំងអស់ ត្រូវ​ប្រើ​ឧបករណ៍​នេសាទ​ដែល​អនុញ្ញាត​ឱ្យធ្វើ​នេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប ស្របតាម​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

* ចំពោះ​អ្នកនេសាទ​ដែលមាន​បំណង​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍ «​ម៉ាញ់​» នៅ​ដង​ទន្លេមេគង្គ និង​ដង​ទន្លេសាប ក្នុង​ទីតាំង​ដែល​រាជរដ្ឋាភិបាល​បានអនុញ្ញាត ត្រូវ​អញ្ជើញ​មក​ទំនាក់ទំនង​សុំ​លិខិតអនុញ្ញាត​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត​ពាក់ព័ន្ធ ដើម្បី​ទទួល​ការណែនាំ​ពី​សមត្ថកិច្ច​ជំនាញ​ជលផល​អំពី​បច្ចេកទេស និង​បទបញ្ជា​នានា ដែល​ពាក់ព័ន្ធ​ដល់​ការធ្វើ​នេសាទ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close