វិស័យទេសចរណ៍កម្ពុជា រំពឹងថា នឹងងើបទ្បើងក្នុងអត្រាដ៏ល្អប្រសើរ ក្នុងឆ្នាំ២០២២
សៀមរាប៖ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍។
ថ្លែងក្នុងអង្គសិក្ខាសាលាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងបន្តជំរុញយ៉ាងសកម្មក្នុងការសម្រេចឱ្យបានផែនការសកម្មភាពការងារការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២របស់ក្រសួងទេសចរណ៍ ដើម្បីបន្តការកែទម្រង់ជាបន្តបន្ទាប់ឱ្យស្របតាមឌីជីថលូនីកម្ម សម្រួលដល់ការធ្វើធុរកិច្ចទេសចរណ៍ និងពង្រឹងឧត្តមភាពប្រកួតប្រជែង ឆ្ពោះទៅការងើបទ្បើងវិញឱ្យបានឆាប់នៃវិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តម បានបន្ថែមថា ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទេសចរណ៍បានសម្រេចសកម្មភាពការងារចម្បងៗជាច្រើន ជាអាទិ៍ ការកែទម្រង់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណទេសចរណ៍ឱ្យស្របតាមសម័យកាលបច្ចេកវិទ្យា, ការពិនិត្យទ្បើងវិញនូវអនុលោមភាពបទដ្ឋានគតិយុត្តទាក់ទងវិស័យទេសចរណ៍, ការសម្រួលនីតិវិធីស្នើសុំធ្វើធុរកិច្ចទេសចរណ៍ និងការជំរុញការអនុវត្តគោលនយោបាយសេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍ ដែលជាកម្មវត្ថុនៃសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ។
ឯកឧត្តម ក៏បានលើកទ្បើងថា វិស័យទេសចរណ៍កម្ពុជារំពឹងថានឹងងើបទ្បើងក្នុងអត្រាដ៏ល្អប្រសើរក្នុងឆ្នាំ២០២២ ក្នុងចំនួនទេសចរអន្តរជាតិពី ១,៥-២លាននាក់ និងទេសចរផ្ទៃក្នុងពី១០-១១លាននាក់។ ជាក់ស្តែង រយៈពេល០៨ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត១លាននាក់ និងទេសចរផ្ទៃក្នុងជាង ៨,៦លាននាក់។
ទន្ទឹមនេះ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ អាជីវកម្មទេសចរណ៍សរុបទូទាំងប្រទេសបានបិទ និងផ្អាកដំណើរការសល់ត្រឹមតែចំនួន ១,២០៧ទីតាំង ដែលស្នើនឹង១៥.៣០%នៃអាជីវកម្មទេសចរណ៍សរុប ដោយមានបុគ្គលិករងផលប៉ៈពាល់សរុប ២២,៤២៩នាក់ ស្នើនឹង២៦,២០% នៃចំនួនបុគ្គលិកសរុប ពោលគឺមានអាជីវកម្មទេសចរណ៍ប្រមាណ ២,៧០៨ទីតាំងបានបើកដំណើរការទ្បើងវិញ និងបុគ្គលិករងផលប៉ៈពាល់ទទួលបានការងារទ្បើងវិញ ៣១,១០៥នាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសទាំងស្រុងទទួលទេសចរអន្តរជាតិ, ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយសេដ្ឋកិច្ច-សង្គម និងកម្មវិធីសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនវិស័យទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។