ខ្យល់ព្យុះ Ian វាយលុកឆ្នេរសមុទ្រឈូងសមុទ្រ ផ្លរីដា របស់សហរដ្ឋអាមេរិក
ផ្លរីដា៖ ព្យុះ អ៊ីអិន (Ian) បានបោកបក់ចូលឆ្នេរសមុទ្រឈូងសមុទ្រហ្ល័ររីដា (Florida) ជាមួយនឹងកម្លាំងមហន្តរាយ កាលពីថ្ងៃពុធ ទី២៨ ខែកញ្ញា ដោយបញ្ចេញនូវខ្យល់បក់បោក ភ្លៀងធ្លាក់ខ្លាំង និងរលកបោកបក់នៃមហាសមុទ្រ ដែលធ្វើឱ្យវាក្លាយជាព្យុះដ៏មានឥទ្ធិពលបំផុតមួយរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ជាព្យុះសង្ឃរាប្រភេទទី៤ ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ២៤១ គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះ Ian បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នូវឆ្នេរខ្សាច់ និងទីប្រជុំជនឆ្នេរសមុទ្រ ទៅជាតំបន់គ្រោះមហន្តរាយដែលជន់លិចដោយទឹកសមុទ្រ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីទឹកជន់លិចជិតដំបូលផ្ទះនៅក្នុងសហគមន៍មួយចំនួន ដោយបានបោកបក់រថយន្ត និងផ្ទះបាក់បែក ខណៈដែលដើមត្នោតត្រូវបានកោងស្ទើរតែពាក់កណ្តាល។
ភ្លៀងរហូតដល់៦០ សង់ទីម៉ែត្រត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់លើផ្នែកខ្លះនៃកណ្តាលរដ្ឋ ផ្លរីដា ខណៈដែលព្យុះនេះផ្លាស់ទីក្នុងដីដែលគំរាមកំហែងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ។
អភិបាលរដ្ឋ Florida លោក Ron DeSantis ដែលបានស្នើឱ្យប្រធានាធិបតីអាមេរិក Joe Biden អនុម័តសេចក្តីប្រកាសស្តីពីគ្រោះមហន្តរាយសហព័ន្ធដ៏ធំមួយ ដែលផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាច្រើនរបស់សហរដ្ឋអាមេរិកដល់រដ្ឋទាំងមូលបាននិយាយថា “ព្យុះនេះកំពុងបង្កើនឥទ្ធិពល នៅលើរដ្ឋ Florida” ។
អាជ្ញាធរព្រំដែនសហរដ្ឋអាមេរិកបាននិយាយថា ជនចំណាកស្រុកគុយបាចំនួន ២០នាក់បានបាត់ខ្លួនបន្ទាប់ពីទូករបស់ពួកគេបានលិចចេញពីឆ្នេរសមុទ្ររដ្ឋផ្លរីដា ខណៈដែលព្យុះ Ian នៅជិតឆ្នេរសមុទ្រ កាលពីថ្ងៃពុធ។ មិនមានរបាយការណ៍ផ្លូវការភ្លាមៗអំពីការស្លាប់និងរបួសដែលទាក់ទងនឹងព្យុះនេះ ផ្សេងទៀតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។