ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងត្រឡប់មកកម្ពុជាវិញហើយ

ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ បានយាងដល់រាជធានីភ្នំពេញវិញហើយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។

ព្រះទីនាំងយន្តហោះព្រះមហាក្សត្របានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោងប្រមាណ ៤:២០នាទីរសៀលនេះ។ មន្ត្រីដែលបានទៅទទួលស្វាគមន៍ព្រះមហាក្សត្រនៅព្រលានយន្តហោះរួមមាន ប្រធានព្រឹទ្ធិសភា សម្ដេចវិបុលសេនា សាយ ឈុំ ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនទៀត។

ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានអញ្ជើញទៅពិនិត្យព្រះរាជសុខភាពនៅឯប្រទេសចិនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។

ជាទូទៅព្រះមហាក្សត្រ និងសម្ដេចម៉ែ តែងយាងទៅប្រទេសចិនពិនិត្យសុខភាពជាទៀងទាត់ ២ដង ក្នុង១ឆ្នាំ នៅប្រទេសចិន។

ក្នុងព្រះរាជដំណើរស្នាក់នៅប្រទេសចិនលើកនេះព្រះមហាក្សត្រកម្ពុជា តាមសំណើសូមយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញព្រះរជាទស្សនៈកិច្ចជាផ្លូវការ នៅខេត្ត hunan សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។

ដោយឡែកនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យ ស្តេចយាងទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រក្នុងខេត្ត ហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជារម្មណីយដ្ឋានប្រវត្តិសាស្ត្រដែលអតីតព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គធ្លាប់បានយាងបំពេញព្រះរាជទស្សនកិច្ច ក្នុងអំឡុងឆ្នាំ១៩៦៣ ហើយព្រះករុណាព្រះបរមរតនកោដ្ឋ បានប្រទានគូររូបគំនូរគេហដ្ឋាន របស់លោកប្រធាន ម៉ៅ សេទុង ដោយស្នាព្រះហស្ថព្រះអង្គផ្ទាល់ រួចរាល់ត្រឹមតែមួយយប់ប៉ុណ្ណោះ គឺភូមិកំណើតលោកប្រធាន ម៉ៅ សេទុង ដើម្បីឧទ្ទិសដល់ការចងចាំវីរភាព ដ៏អង់អាចក្នុងការតស៊ូប្តូរផ្តាច់រំដោះប្រទេសជាតិពីការឈ្លានពានរបស់បរទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close