អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បញ្ជាក់ថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ ពិតជារបស់ ឯកឧត្តម ថង សាវុន ប៉ុន្តែលោកមិនបានជិះក្នុងរថយន្តនោះទេ

(មណ្ឌលគីរី) ៖ លោក នាង វណ្ណៈ នាយករងទីចាត់ការ និងជា អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រាប់ អ្នកាសែតនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ២០២២ថា រថយន្ត ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ពិតជារបស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ប៉ុន្តែឯកឧត្តមអភិបាលខេត្តមិនបានជិះក្នុងរថយន្តនោះទេ ពេលជួបគ្រោះថ្នាក់ចរាចរណ៍នោះ គឺឯកឧត្តមជិះរថយន្តផ្សេង ម៉ាក WW ពាក់ស្លាកលេខ ភ្នំពេញ 2BT-9992 ។

សូមបញ្ជាក់ថា កាលពីម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៩កញ្ញាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចររាចរណ៍រវាងឡានទំនើបរបស់លោកធំខេត្តមណ្ឌលគិរី ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 បុករីម៉កម៉ូតូនៅកំណាត់ផ្លូវជាតិលេខ៨ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលអោយពលរដ្ឋ ២នាក់ស្លាប់ភ្លាមៗ គឺឈ្មោះ ឯម អូន អាយុ២៦ រស់នៅភូមិស្ទឹងតូចឃុំកក់ ស្រុកពញាក្រែក និងឈ្មោះផន ភីន អាយុ១៦ រស់នៅភូមិឃុំជាមួយគ្នា។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានគ្រួសារសពដឹកយកធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តត្រូវសមត្ថកិច្ចចររាចរណ៍យករក្សាទុកនៅអធិការដ្ថាននគរបាលស្រុកពញាក្រែក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close