ក្រសួង​សាធារណការ បន្ត​ក្រើនរម្លឹក​ប្រជាពលរដ្ឋ សូមកុំ​កាត់​របង​ដែលជា​សកម្មភាព​ល្មើសច្បាប់ ដើម្បី​ឆ្លង​ចូលទៅក្នុង​ផ្លូវ​ល្បឿន​លឿន​

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​បន្ត​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​នៅ​សងខាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ត្រូវ​បញ្ឈប់​សកម្មភាព​លួង​កាត់​របង លួស​នៅ​សង​សាង​ផ្លូវ​ល្បឿន​លឿន ដែលជា​សកម្មភាព​ល្មើសច្បាប់ ដោយ​របង​នេះ​ធ្វើឡើង​ក្នុង​គោល បំណង​ការពារ​មិនឱ្យ​មានការ​ឆ្លងកាត់ ពី​អ្នក​ថ្មើរជើង សត្វពាហនៈ ឬ​មធ្យោបាយ​ផ្សេងៗ​ទៀត​។​

​បើតាម​ក្រសួង​សាធារណការ កន្លងមក​របង​នេះ​ត្រូវបាន​កាត់​ជាច្រើន​កន្លែង ដើម្បី​ធ្វើការ​ចេញចូល​ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុមហ៊ុន​សាងសង់ ក៏បាន​ចុះ​ធ្វើការ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​កាត់​របង​សុវត្ថិភាព​នោះ​ថា ការធ្វើ​បែបនេះ​គឺ​វា​បង្ករ ឱ្យមាន​គ្រោះថ្នាក់ ដល់​អ្នកបើកបរ និង​ប្រជាពលរដ្ឋ​ខ្លួនឯង​ផ្ទាល់ ហើយ​សកម្មភាព​ទាំងអស់នេះ​ក៏​ល្មើស​នឹង​ច្បាប់​ផងដែរ​។​

​ដើម្បី​រក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់​របៀបរៀបរយ ក្នុង​ការធ្វើ​ចរាចរណ៍ ជាពិសេស​ការត្រៀម​បើក​ឱ្យ​ដំណើរការ​សាកល្បង​ដោយ​ឥតគិតថ្លៃ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ខាងមុខនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ធ្វើការ​ក្រើនរម្លឹក​ជាថ្មី ដល់​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​សកម្មភាព​កាត់​របង​សុវត្ថិភាព​នេះ​បន្តទៀត ហើយ​ចូលរួម​សហការ​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​ក្រសួង បានបញ្ជាក់​ទៀតថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ មាន​របារ​ខណ្ឌ​ចែក​ទិស​ចរាចរណ៍​ច្បាស់លាស់ និង​មិន​អនុញ្ញាត​ឱ្យមាន​ការឆ្លង​កាត់​ឡើយ​។ ផ្លូវ​នេះ មាន​ផ្លូវ​ឆ្លងកាត់​ទទឹង​ក្រោម​ដី ២០១​កន្លែង និង​ស្ពាន​រំលង​កាត់​ទទឹង ២០​ស្ពាន សម្រាប់​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងករណី​ចង់​ឆ្លងកាត់ ដោយ​មិន​ប៉ះពាល់ ដល់​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close