ថ្ងៃដំបូងនៃការ​បើកដំណើរការសាកល្បង មានយានយន្តជិត ៩ពាន់គ្រឿងចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

(ភ្នំពេញ) ៖ យោង​តាម​របាយការណ៍​របស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលាឆ្នាំ២០២២ន មានយានយន្តចំនួន ៨.៩២៧ គ្រឿង បាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។

ក្រសួងបញ្ជាក់ថា ក្នុងចំណោមយានយន្តជិត៩.០០០គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ។

គួរបញ្ជាក់ផងដែរថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ត្រូវ​បានដាក់​ឲ្យដំណើរ​កា​រសាកល្បង និងមិន​គិតថ្លៃ​ពេញ​មួយ​ខែតុលា ឆ្នាំ​២០២២នេះ ដោយ​ជាមួយ​គ្នា​នេះ ក្រសួងសាធាណការ ក៏​បានធ្វើ​ការ​អំពានាវ​ដល់​អ្នក​បើកបរលើផ្លូវល្បឿនលឿន ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close