វៀតណាម រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា ជា​លើកដំបូង នៅក្នុង​ប្រទេស​

ហាណូយ​៖ អាជ្ញាធរ​សុខាភិបាល​នៅក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​រាយការណ៍​ពី​ការរកឃើញ​ជា​លើកដំបូង​នូវ​ករណី​ឆ្លង​ជំងឺ អុត​ស្វា (monkeypox) តែ​មិនបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​នោះទេ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​វៀតណាម VN Express នៅ​ថ្ងៃ​ចន្ទ ទី​០៣ ខែតុលា ឆ្នាំ​២០២២​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន អាជ្ញាធរ​សុខាភិបាល​ក្នុង​ទីក្រុង​ហូជីមិញ បានឱ្យដឹង​ទៀតថា​ពួកគេ​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​តាមដាន​ករណី​ឆ្លង និង​ទប់ស្កាត់​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​។ ក្រសួង​ការ​សុខាភិបាល​វៀតណាម ក៏​ធ្លាប់​បានប្រកាស​ដែរ​ថា​អ្នកដំណើរ​ទាំងឡាយណា​ដែល ចូលមកក្នុង​ប្រទេស ដោយ​មកពី​តំបន់​មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា នឹងត្រូវ​បានដាក់​ឱ្យនៅ​ក្រោម​ការតាមដាន ឬ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ប្រសិនបើ​មាន​រោគសញ្ញា គួរឱ្យ​សង្ស័យ​។​

​គួរ​បញ្ជាក់ថា អង្គការ​សុខភាព​ពិភពលោក WHO បានប្រកាស​ចាត់ទុក​ជំងឺ​អុត​ស្វា ជា​ភាពអាសន្ន​ចំពោះ​វិស័យ​សុខាភិបាល​សកល ដោយមាន​ករណី​ឆ្លង​ជាង ៣៥,០០០​ករណី​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស​ចំនួន​៩២ ក្នុងនោះ​មាន​១២​នាក់​បាន​ស្លាប់ គិត​ត្រឹម​ខែសីហា​កន្លងទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close