សម្តេច​តេ​ជោ ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​

​ឯកឧត្តម ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​រសៀល ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២២​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​ទស្សនកិច្ច​លើក​របស់ ឯកឧត្តម​នាយករដ្ឋមន្ត្រី​គុយបា​មកកាន់​កម្ពុជា ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយក៏​ធ្វើឡើង​ប្រមាណ​២​សប្តាហ៍​បន្ទាប់ពី សម្តេច​តេ​ជោ ហ៊ុន សែន បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​២ នៅក្នុង​ប្រទេស​គុយបា​ផងដែរ​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា ឯកឧត្តម ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស នឹង​ចូល​ក្រាបបង្គំ​គាល់ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។
​ឯកឧត្តម​នាយករដ្ឋមន្ត្រី ក៏​នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ​។​

​ឯកឧត្តម​នាយករដ្ឋមន្ត្រី​គុយបា នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ដែល​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត ក្នុង​វិស័យ កីឡា អប់រំ និង​វប្បធម៌ ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀតផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close