មនុស្ស​១៣នាក់លង់ទឹកស្លាប់ និងពលរដ្ឋ​ជាង​៣០០គ្រួសារត្រូវ​ជម្លៀស​ដោយ​សារ​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ

ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​ គិត​ត្រឹម​រសៀល​ថ្ងៃទី៤ ខែតុលា មាន​មនុស្ស​ចំនួន​១៣នាក់​ហើយ​បានស្លាប់​ដោយសារ​លង់ទឹក ខណៈ​ពលរដ្ឋ​ជាង​៣០០គ្រួសារ​ត្រូវ​បានជម្លៀសទៅ​រកទីទួលសុវត្ថិភាព។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោយស្ថានភាពទឹកជំនន់ បានហក់ឡើងខ្លាំងប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់មានចំនួន៣៤២គ្រួសារ ត្រូវបានជម្លៀសចេញ ដែលក្នុងនោះ បណ្ដាលឱ្យមានផលប៉ះពាល់មួយចំនួន រួមមាន៖ ទឹកលិចស្រូវមានផ្ទៃដី២៨ ២៤៦ហិកតា ដំឡូងមីលិចទឹកមានផ្ទៃដី១០៦៤ហិកតា ដំណាំរួមផ្សំមានផ្ទៃដី១០៧ហិកតា ជម្លៀសសត្វពាហនៈ ចំនួន២៦៦៧ក្បាល ទឹកលិចសាលារៀន៥១សាលា ទឹកលិចវត្តចំនួន១៧វត្ត ទឹកលិចផ្លូវចំនួន៣៥៥ខ្សែ ប្រវែង២១៨៧៧២ម៉ែត្រ។

បើតាម​លោក​អភិបាលខេត្ត​ ស្ថានភាពទឹកជំនន់ ដែលលិចខ្លាំងមាន ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ដែលទឹកជំនន់ធ្លាក់ពីស្ពានតាម៉ុក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រីឯស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ទឹកធ្លាក់ពីផ្នែកខាងលើស្រុកបវេលខេត្តបាត់ដំបង។ ចំណែកឯក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកថ្មពួក ជាទឹកជំនន់ធ្លាក់ពីប្រទេសថៃ។

យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានត្រៀមទីទួលសុវត្ថិភាព ស្បៀងអាហារ គ្រូពេទ្យ ទឹកស្អាត ហូបស្អាត និងបង្គន់អនាម័យ សម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់រួចរាល់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close