ក្រសួងការបរទេសកម្ពុជាសម្តែងការព្រួយបារម្ភ ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង របស់កូរ៉េខាងជើង
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដែលអាចបង្កអោយមានភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤ ខែតុលា។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ អនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចា៦ភាគីឡើងវិញ ដែលអាចនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ ដែលពេញលេញ អាចផ្ទៀងផ្ទាត់បាន មិនអាចវិលត្រឡប់ថយក្រោយ និងដោយសន្តិវិធី។
គួររំលឹកថា កូរ៉េខាងជើងនៅថ្ងៃអង្គារ ទី៤ ខែតុលាបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម ហោះកាត់លើប្រទេសជប៉ុនជាលើកដំបូងនៅក្នុងរយៈពេល៥ឆ្នាំ។ហេតុការណ៍នេះបានជំរុញឱ្យជប៉ុនប្រកាសអាសន្ន សម្រាប់ប្រជាពលរដ្ឋរបស់នៅខេត្តភាគខាងជើងប្រទេសចំនួនពីរដើម្បីជម្លៀសខ្លួន ទៅកាន់ទីមានសុវត្ថិភាព។ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធានៅក្នុងតំបន់ជាមួយជប៉ុននិងកូរ៉េខាងត្បូងកាលពី ពេលថ្មីៗនេះ។
បើតាមប្រភពពីយោធាកូរ៉េខាងជើង មីស៊ីលរយៈចម្ងាយមធ្យមនេះ ត្រូវបានបាញ់ចេញពីតំបន់ Mupyong-ri នៅផ្នែកកណ្ដាលកូរ៉េខាងជើង ជិតព្រំដែនជាមួយប្រទេសចិន នៅវេលាម៉ោង ៧:២២ព្រឹក និងបានធ្លាក់នៅមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេល២២នាទីក្រោយមក។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បានឲ្យដឹងថា មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងនេះ ធ្លាក់នៅក្នុងចម្ងាយ៣,០០០គីឡូម៉ែត្រ ភាគខាងកើតប្រជុំកោះរបស់ជប៉ុន ដែលបង្ខំឱ្យជប៉ុនត្រូវជម្លៀសប្រជាជនរបស់ ខ្លួនចេញពីតំបន់ក្បែរនោះជាបន្ទាន់ ដើម្បីចៀសផុតពីគ្រោះថ្នាក់ណាមួយជាយថាហេតុ។
ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងចុងក្រោយនេះ ធ្វើឡើងខណៈពេលដែលកូរ៉េខាងត្បូង កំពុងតែពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក និងជប៉ុន។ បើតាមទីក្រុងសេអ៊ូល និងតូក្យូ មីស៊ីលដែលបាញ់ចេញនៅថ្ងៃអង្គារ ដែលបានហោះលើអាកាសក្នុងរយៈចម្ងាយជាង៤,៥០០គីឡូម៉ែត្រនេះ គឺជាមីស៊ីលរបស់កូរ៉េខាងជើងដែលធ្វើដំណើរបានឆ្ងាយបំផុតនៅក្នុងកំណត់ត្រានាពេលកន្លងមក។
នៅក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២៣លើករួចមកហើយ ក្នុងនោះមានបួនលើកធ្វើឡើងក្នុងសប្ដាហ៍មុន។ ប៉ុន្តែទើបតែការបាញ់មីស៊ីលចុងក្រោយ នៅថ្ងៃអង្គារទី៤ខែតុលានេះទេដែលបង្ខំឱ្យប្រទេសជប៉ុនចេញប្រកាសព្រមានដល់ប្រជាជនរបស់ខ្លួនឲ្យជម្លៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។រដ្ឋាភិបាលជប៉ុនទទូចឱ្យប្រជាជនដែលរស់នៅខេត្ត Aomori និង Hokkaido ព្រមទាំងកោះមួយចំនួនទៀតស្ថិតនៅក្បែរទីក្រុងតូក្យូ ឱ្យចូលលេណដ្ឋាន ឬរកទីតាំងមានសុវត្ថិភាពដើម្បីលាក់ខ្លួននៅពេលដែលជប៉ុនចាប់បានពីផ្លូវធ្វើដំណើររបស់មីស៊ីលកូរ៉េខាងជើង។
នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បានថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងចាត់ទុកទង្វើនេះ ថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងអន្ដរជាតិ។
ដោយឡែករដ្ឋាភិបាលកូរ៉េខាងត្បូងវិញពុំបានចាត់វិធានការបង្ការដូចជប៉ុនទេ ប៉ុន្តែអ្នកនាំពាក្យយោធាកូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួនបានពង្រឹងការឃ្លាំមើល ក៏ដូចជាបង្កើនការប្រុងប្រយ័ត្នបន្ថែម ទៀតដើម្បីធានាសុវត្ថិភាពប្រជាជន។ និងថា កូរ៉េខាងត្បូងបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបនឹងហេតុការណ៍នេះដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។