បង្ហាញមុខ​ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជិត ២​គីឡូក្រាម

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ បានបង្ហាញ​ខ្លួន ជនសង្ស័យ​២​នាក់ ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​គ្រឿងញៀន ជិត​២​គីឡូក្រាម មុននឹង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី ។

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៩  ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣ និង​១០​នាទី កម្លាំង​ជំនាញ​(​ក​៥) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន សុ​ទ្ធី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស ហ​ត លោក​វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ទោ ស៊ី ម៉ា​រ័ត្ន នាយរង​ការិយាល័យ​ក​៥ ដោយមាន​ការចូលរួម​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស៊ើបអង្កេត​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ​គ្រឿងញៀន នៅ​២​គោលដៅ​ផ្សេងគ្នា ដោយ​ក្នុងនោះ គោលដៅ​ទី​១: នៅ​ចំណុច​បណ្តោយ​ផ្លូវ​R៦(​បឹងកក់​) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ និង​ថ្នាំញៀន​ប្រមាណ ១០០​ក្រាម​។ និង​គោលដៅ​ទី​២: នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​២៦១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ និង​ថ្នាំញៀន​១​កញ្ចប់​ធំ​។​

​ជា​លទ្ធផល​វិញ ឃាត់​បាន​ជនសង្ស័យ​២​នាក់ ទី​១-​ឈ្មោះ ម៉ាន់ វ័​ន្ត ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ​។ និង​ទី​២-​ឈ្មោះ ប៊ុន ហៀ​ង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ​។ ព្រមទាំង​ចាប់យក​វត្ថុតាង​បាន រួមមាន​៖ កេ​តា​មីន (KETAMINE) ទម្ងន់​សុទ្ធ ១ គ​.​ក្រ ៨៤១.៩០​ក្រាម​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើនេះ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close