គយ​កម្ពុជា ប្រមូល​ចំណូល​ជាង ២​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ខែ​

​ភ្នំពេញ​៖ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​រយៈពេល ៩​ខែ ឆ្នាំ​២០២២​នេះ ពោល​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ប្រមូល​ចំណូល​ពន្ធ និង​អាករ​បាន​ចំនួន​ជាង ២០២២​លាន​ដុល្លារ ស្មើនឹង​៧៨.៦១​ភាគរយ​នៃ​ផែនការ​ច្បាប់​ថវិកាជាតិ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ដើម្បី​បង្ហាញ​ពី​លទ្ធផល​នៃ​ការងារ​ប្រមូល​ពន្ធអាករ​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២​នេះ ឯកឧត្តម គុណ ញឹម បាន​ឲ្យ​ដឹងថា លទ្ធផល​នៃ​ការប្រមូល​ពន្ធ​ក្នុង​ឆ្នាំ​២០២២​នេះ ទទួលបាន​តួលេខ​ល្អប្រសើរ បើ​ធៀប​នឹង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​។​

​ឯកឧត្តម គុណ ញឹម បាន​ថ្លែង​ឲ្យ​ដឹងថា «​លទ្ធផល​នៃ​ការប្រមូល​ពន្ធអាករ​រ​យៈ​ពេល​៩​ខែ ឆ្នាំ​២០២២​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ចំណូល​បាន ២០២២.២​លាន​ដុល្លារ ហើយ​បើ​គិត​ជា​ភាគរយ​នៃ​ច្បាប់​ថវិកា​មាន​ចំនួន ៧៨.៦១​ភាគ​ហើយ​នេះ​ជា​តួលេខ​មួយ​ដ៏​ល្អ​»​។​

​ឯកឧត្តម បន្ដថា អគ្គនាយកដ្ឋាន​គរ និង​រដ្ឋាករ​កម្ពុ​ជាស​ង្ឃឹ​ម​រំពឹងថា ការអនុវត្តន៍​ផែនការ​ចំណូល​ក្នុង​ឆ្នាំ​២០២២​នេះ អាច​នឹង​គ្រប់​ផែនការ ឬ​លើស​ផែនការ​តិចតួច ដោយសារតែ​ពេលនេះ​ជា​កាលៈទេសៈ និង​ពេលវេលា​មួយ​ឆ្លង​ផុត​ការលំបាក ព្រោះថា ក្នុង​ឆ្នាំ​២០២០-២០២១ ជា​ពេលវេលា​ដែល​លំបាក បង្កឡើង​ដោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រហូតដល់​មានការ​បិទ​ខ្ទប់​ប្រទេស​ផងដែរ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​មិន​គ្រប់​ផែនការ​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​គយ ប្រមូល​ចំណូល​បានត្រឹមតែ ៨៣.៥​ភាគរយ​នៃ​ច្បាប់​វិកា និង​ឆ្នាំ​២០២១ ប្រមូលបាន​ត្រឹមតែ ៨៧​ភាគរយ​នៃ​ផែនការ​ប៉ុណ្ណោះ​។​

​សូមជម្រាបថា នៅ​ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​បាន ៩ ២៩៥.៧ ប៊ី​លាន​រៀល​ស្មើនឹង ២ ២៩៥.២ លាន​ដុល្លារ​ថយចុះ​ប្រមាណ ៥.១% ធៀប​នឹង​ចំណូល​ប្រមូលបាន​ក្នុង​ឆ្នាំ​២០២០៕​

Sihanoukville Autonomous Port, Sihanoukville. MPWT

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close