ការបង្កើន​ផ្តល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន អាច​ជំរុញ​ឲ្យ​រុស្ស៊ី នឹង​អាមេរិក ផ្ទុះ​សង្គ្រាម​ដោយផ្ទាល់​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក Konstantin Vorontsov នៅ​ថ្ងៃទី​៤​ខែតុលា បាន​និយាយ​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា ការណ៍​ដែល​អាមេរិក​នៅតែ​បន្ត​ផ្តល់ជំនួយ​អាវុធ​ទៅឱ្យ​អ៊ុយ​ក្រែ​ន និង​ផ្តល់ព័ត៌មាន​ចារកិច្ច​គឺ​កំពុងតែ​ឈានចូល​គ្រោះថ្នាក់​បន្ទាន់ ដែល​អាច​ផ្ទុះ​សង្គ្រាម​ដោយផ្ទាល់​ជាមួយ​រុស្ស៊ី​។​

​សកម្មភាព​ខាងលើ​របស់​រុស្ស៊ី កើតឡើង​ក្រោយពេល ក្រសួងការពារជាតិ​អាមេរិក​បានប្រកាស​បន្ត​ផ្តល់ជំនួយ​អាវុធ​មានតម្លៃ​ដល់​ទៅ ៦២៥​លាន​ដុល្លារ​ឱ្យទៅ​អ៊ុយ​ក្រែ​ន​។​

​លោក Vorontsov បាន​លើកឡើងថា សកម្មភាព​របស់​អាមេរិក​កំពុងតែ​អូសបន្លាយ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បង្កឱ្យមាន​អ្នកស្លាប់​កាន់តែច្រើន ជាហេតុ​ធ្វើឱ្យមាន​សង្គ្រាម​ដោយផ្ទាល់​រវាង​រុស្ស៊ី​នឹង​ណា​តូ ។ រុស្ស៊ី​បាន​ព្រមាន​ជាច្រើនលើក​ច្រើនសា​មកហើយ​ដល់​ប្រទេស​លោកខាងលិច ពិសេស​គឺ​ណា​តូ មិនត្រូវ​ផ្តល់ជំនួយ​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​នោះឡើយ​។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នោះដែរ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ឌិន បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ផ្ដល់ជំនួយ​យោធា​បន្ថែម មាន​ទំហំ​ទឹកប្រាក់ ៦២៥​លាន​ដុល្លារ​ដល់ទី​ក្រុង​កៀវ ក្នុងនោះ​រួមមាន​ទាំង​ប្រព័ន្ធ​មី​ស៊ី​ល HIMARS ក្នុងពេលដែល​កងទ័ព​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​ភាពជឿនលឿន​ទៅមុខ​ក្នុងការ​វាយបក​លើ​កងទ័ព​រុ​ស្ស៉ី​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន សេត​វិមាន​បានឱ្យដឹងថា លោក ចូ បៃ​ឌិន​បានធ្វើ​ការសន្យា​បែបនេះ​នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ហ្សេ​លេន​ស្គី នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​)​។ បើតាម​សេចក្ដីថ្លែងការណ៍​នេះ​ដដែល លោក បៃ​ឌិន ក៏បាន​សន្យា​ដែរ​ថា​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​នៅក្នុង​ការការពារ​ខ្លួន​ប្រឆាំងនឹង​ការឈ្លានពាន​ពី​រុ​ស្ស៉ី ដរាបណា​សង្គ្រាម​នៅតែ​បន្ត​កើតឡើង​។

ចំណែកឯ​ក្រសួងការបរទេស​អាមេរិក បាន​បញ្ជាក់ថា​កញ្ចប់​យោធា​ដែល​នឹង​ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន ក្នុងនោះ​រួមមាន​ប្រព័ន្ធ​មី​ស៊ី​ល HIMARS ៤​គ្រឿង កាំភ្លើង Howitzers ៣២​គ្រឿង ជាមួយ​គ្រាប់ ៧៥,០០០​គ្រាប់ រថពាសដែក​ប្រភេទ MRAP ២០០​គ្រឿង រួមទាំង​ឧបករណ៍​ប្រឆាំង​គ្រាប់មីន​។​

ការប្រកាស​ផ្ដល់ជំនួយ​យោធា​ខាងលើ​នឹង​ធ្វើឱ្យ​ការផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​ពី​សំណាក់​សហរដ្ឋអាមេរិក​កើនឡើង​ដល់​ជាង ១៦.៨​ពាន់​លាន​ដុល្លារ ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​មក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close