មន្ត្រីបរិស្ថាន ១០០នាក់ មកពីខេត្តចំនួន៣ ទទួលបានការពង្រឹងសមត្ថភាព ដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិ
នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថានបានបន្តចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិជូនមន្ត្រីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ និងមន្ទីរបរិស្ថានខេត្តប៉ៃលិនចំនួនប្រមាណ ១០០នាក់។
ការបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិប្រព្រឹត្តទៅនៅមន្ទីរបរិស្ថានខេត្តបាត់ដំបងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងបរិស្ថាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការបណ្តុះបណ្តាល នេះគឺជាផ្នែកមួយនៃការពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងបរិស្ថានក្នុងការប្រឆាំងនឹងការសម្អាតប្រាក់។ ឯកឧត្តមបានលើកឡើងថា កិច្ចការប្រឆាំងការសម្អាតប្រាក់ជាការងារដ៏សំខាន់សម្រាប់ មន្ត្រីនគរបាលយុត្តិធម៌ ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាមួយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ មន្ត្រីជំនាញក្នុងក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។
ឯកឧត្តមនេត្រ ភក្ត្រា បានជម្រាបថា មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។