ទឹកដី​រុស្ស៊ី​រីក​កាន់តែ​ធំ ក្រោយ​សម្រេច​ដាក់​ប​ញ្ជូ​ល​ខេត្ត​ចំនួន​៤

​នៅ​ថ្ងៃទី​៥​ខែតុលា ប្រធានាធិបតី​ពូ​ទីន បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បង្រួបបង្រួម សាធារណរដ្ឋ Donetsk និង Lugansk ព្រមទាំង​ខេត្ត Kherson និង Zaporozhye ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​។ សកម្មភាព​ខាងលើ​នឹង​ជួយ​ដល់​ទឹកដី​រុស្ស៊ី​កាន់តែ​រីកធំឡើងៗ បន្ទាប់ពី​បញ្ចូល​តំបន់​គ្រី​មៀ​។

​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៥ ខែតុលា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា ប្រធានាធិបតី​រុ​ស្ស៉ី​លោកពូ​ទីន បានសម្រេច​ជា​ផ្លូវការ​នូវ​ការបញ្ចូល​ទឹកដី​ដែលមាន​ទំហំ​ច្រើនជាង ១៥​ភាគរយ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ស្រប​ពេលដែល​កងកម្លាំង​របស់​រុ​ស្ស៉ី កំពុង​ខិតខំ​ព្យាយាម​ទប់ទល់​ការ​វាយបក​របស់​ទីក្រុង​កៀវ​ទាំង​នៅ​ភាគខាងត្បូង​និង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​

​លោក ពូ​ទីន បាន​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៤​ស្តីពី​ការទទួលយក​តំបន់​ដូ​ណេ​ត (Donetsk), លូ​ហាន (Luhansk), ខឺ​សុន (Kherson) និង​ហ្សា​ប៉ូ​រី​ស​ហ្ស៉ី​យ៉ា (Zaporizhzhia) របស់​អ៊ុយ​ក្រែ​ន មក​ក្លាយជា​ផ្នែក​នៃ​ប្រទេស​រុ​ស្ស៉ី បន្ទាប់ពី​សេចក្តីព្រាងច្បាប់​ទាំងនោះ ត្រូវ​បានផ្តល់​សច្ចាប័ន​ដោយ​សភា​របស់​រុ​ស្ស៉ី​។​

​ការប្រកាស​កាត់​បញ្ចូល​ទឹកដី​ខាងលើ​ធ្វើឡើង​បន្ទាប់ពី​ការបោះឆ្នោត​ប្រជាមតិ​ដែល​ពុំមាន​ការទទួលស្គាល់​ពី​ក្រុម​លោកខាងលិច ហើយ​និង​ទីក្រុង​កៀវ បាន​ប្រព្រឹត្តទៅ​កាលពី​ចន្លោះ​ថ្ងៃទី​២៣-២៧ ខែកញ្ញា នៅ​តំបន់​ទាំង​បួន​។ តំបន់​ទាំងនេះ​ដែល​រុ​ស្ស៉ី​ប្រកាស​កាត់​យក គឺ​មិនមែន​សុទ្ធតែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កងទ័ព​រុ​ស្ស៉ី​ទាំងស្រុង​ឡើយ​។ ទោះជា​យ៉ាងណាក្តី ទឹកដី​ដែល​រុ​ស្ស៉ី​កាត់​បញ្ចូល​គឺ​ស្មើនឹង​ច្រើនជាង​១៥​ភាគរយ​នៃ​ដែនដី​អ៊ុយ​ក្រែ​ន​ទាំងមូល ប៉ុន្តែ​ព្រំប្រទល់​ជាក់លាក់​គឺ​មិនទាន់​កំណត់​ច្បាស់​នៅឡើយ​ទេ​។​

​ដោយឡែក ផែនទី​បង្ហាញ​ដោយ​ក្រសួងការពារជាតិ​រុ​ស្ស៉ី កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​បាន​ឱ្យឃើញ​ពី​ការដកថយ​យ៉ាង​ឆាប់រហ័ស នៃ​កងកម្លាំង​ឈ្លានពាន​របស់​រុ​ស្ស៉ី ចេញពី​តំបន់​នៅ​ភាគខាងត្បូង​ក៏ដូចជា​ខាងកើត​អ៊ុយ​ក្រែ​ន ជាទី​ដែល​ពួកគេ​បាន​ស្ថិតក្រោម​សម្ពាធ​ខ្លាំង​ពី​យុទ្ធនាការ​វាយបក​របស់​អ៊ុយ​ក្រែ​ន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close