ទឹកស្ទឹង​ពោធិ៍សាត់ ឡើង​ជិត​ដល់​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​

មន្រ្តី​មន្ទីរធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី៦ តុលា​នេះ ទឹកស្ទឹង​ពោធិ៍សាត់បាន​ជន់​ឡើង​ជិត​ដល់​កម្រិត​កម្ពស់​ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន​ហើយ គឺ​ទឹក​ឡើងដល់​កម្ពស់ ៤,៩៧ ម៉ែត្រ ខណៈទឹកស្ទឹង​ពោធិ៍សាត់ ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​កម្ពស់ ៥ ម៉ែត្រ​ ហើយ​​បើ​ទឹក​ឡើងដល់​កម្ពស់ ៥,១០ ម៉ែត្រ​នោះ គឺ​ចាប់ផ្តើម​លិច​ក្រុង នៅ​កន្លែង​ខ្លះ​ហើយ។​

បើតាម​មន្រ្តីដដែល ​នៅ​រសៀល​នេះ ទឹកស្ទឹង បាន​ឡើង ខ្ពស់ជាង​ផ្លូវ នៅ​សងខាង​ស្ទឹង​ហើយ​ ​តែ​មិនទាន់មាន​ការលិចលង់​ទេ ដោយសារ​មាន ខឿន​សួន​ខ្ពស់​ទប់ តែបើ​ទឹក​បន្ត​ឡើង ដល់​កម្ពស់ ៥,១០ ម៉ែត្រ​នោះ មានការ​លិចលង់ កន្លែង​ខ្លះ​ហើយ​។ ទឹកជំនន់​ពេលនេះ ហូរ​មកពី​ស្ទឹង​អា​រ៉ៃ និង​ស្ទឹង​ស្លុង តែ​មិន​មានទឹក ជំនន់ មកពី​ស្ទឹងធំ​ទេ​។​

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា ស្ថានភាព​ទឹកជំនន់ ដែល​បាន និង​កំពុង​កើតមាន នៅពេលនេះ មាននៅ​ស្ទឹង​ពោធិសាត់ ស្ទឹងសែន ស្ទឹង​ស្រែង ស្ទឹង​មង្គល​បូរី ស្ទឹង​សិរីសោភ័ណ និង ស្ទឹង​សង្កែ​។ ទឹកស្ទឹង​សង្កែ បា​នស្រកម​កនៅ ក្រោម​កម្រិត​កម្ពស់ ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​វិញ​ហើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close