ហ្វីលីពីន កំពុងពិចារណាទិញឥន្ធនៈពីរុស្ស៊ី ដើម្បីបំពេញតម្រូវការក្នុងស្រុក
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បាននិយាយថា ប្រជាជាតិរបស់លោកប្រហែលជាត្រូវងាកទៅរកប្រទេសរុស្ស៊ី ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈរបស់ខ្លួន ចំពេលមានការកើនឡើងតម្លៃថាមពលសកល។ ខណៈ ប្រទេសដែលនាំចូលប្រេងពីរុស្ស៊ី កំពុងរកសម្ពាធពីសម្ព័ន្ធមិត្តលោកខាងលិច។
ថ្លែងទៅកាន់ក្លឹបសារព័ត៌មាន Manila Overseas Press លោក ម៉ាកូស ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយថា ប្រទេសហ្វីលីពីនក៏អាចពិចារណាពិភាក្សាជាមួយរុស្ស៊ី សម្រាប់ការផ្គត់ផ្គង់ជីផងដែរ។ លោកបានបន្តថា៖«យើងទទួលយកទស្សនៈដែលមានតុល្យភាពបំផុត ពីព្រោះការពិតនៃបញ្ហាគឺ យើងប្រហែលជាត្រូវពិភាក្សាជាមួយរុស្ស៊ីសម្រាប់ឥន្ធនៈនិងជី»។
តាមពិតទៅ ប្រទេសហ្វីលីពីន ក៏ដូចជាប្រទេសជាច្រើនដែរដែលកំពុងប្រឈមមុខនឹងអតិផរណាកើនឡើង ដោយសាររតែបញ្ហាផ្គត់ផ្គង់ប្រេងដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តការពារជាតិរបស់អាម៉េរិក មិនបានដាក់ទណ្ឌកម្មណាមួយលើរុស្ស៊ីទេ។
លោក ម៉ាកូស ដែលជាកូនប្រុសនៃបុរសខ្លាំងដែលបានគ្រប់គ្រងប្រទេសហ្វីលីពីនអស់រយៈពេលពីរទសវត្សរ៍រូបនេះបាននិយាយផងដែរថា លោកចង់ឱ្យប្រទេសរបស់លោកដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ ចំពេលមានដែលការប្រកួតប្រជែងយ៉ាងតានតឹងដែលបង្កឡើងដោយបញ្ហាកូរ៉េខាងជើង និងចិន-តៃវ៉ាន់»។ លើសពីនោះ លោកសង្ឃឹមថា ហ្វីលីពីននឹងក្លាយជាប្រទេសមួយដែលរួមចំណែកដល់ខិតខំប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពផងដែរ។
លោក ម៉ាកូស បានបន្ថែមទៀតថា លោកនឹងស្នើវិធីសាស្ដ្រថ្មីមួយទៀតចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងខែវិច្ឆិកា ដែលអាចចូលរួមជាមួយរដ្ឋាភិបាលយោធាដោយផ្ទាល់។ ជុំវិញបញ្ហានេះ លោក ម៉ាកូស បានលើកឡើងថា វាដល់ពេលដែលត្រូវសហការគ្នា ដើម្បីដាក់ចេញនូវសំណើជាក់ស្តែងមួយចំនួន លើអ្វីដែលយើងអាចធ្វើបានហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។