ករណីបាញ់សម្លាប់​មនុស្ស​រង្គាល​នៅ​ប្រទេសថៃ ឃាតកបាញ់សម្លាប់មនុស្ស​៣២នាក់​នៅទារកដ្ឋាន រួចត្រឡប់ទៅផ្ទះបាញ់ប្រពន្ធ និង​កូន មុន​បាញ់សម្លាប់ខ្លួន​ឯង

កាលពីថ្ងៃម្សិលមិញ (៦ តុលា) នៅ​ប្រទេស​ថៃ មាន​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើត​ឡើង ដោយ​បុរស​ម្នាក់​បាន​ធ្វើសកម្មភាព​បាញ់​សម្លាប់​មនុស្ស​ចំនួន​៣២នាក់ ដែលមាន​មនុស្ស​ធំ និង​កូនក្មេង​នៅ​ទារកដ្ឋាន​មួយ​កន្លែង ក្នុង​ខេត្ត​ Nong Bua Lamphu ភាគឥសាន្តប្រទេសថៃ មុន​នឹង​ត្រឡប់​មក​ផ្ទះវិញ ហើយ​ដុតរថយន្ត និង​បាញ់សម្លាប់ប្រពន្ធ និង​កូន មុន​បាញ់សម្លាប់ខ្លួន​ឯងតាមក្រោយ។

បើតាមមន្រ្តីប៉ូលិសថៃប្រចាំខេត្តណងបួលាំភូ (Nong Bua Lamphu) ដំបូងឡើយ ខ្មាន់កាំភ្លើង បានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលមើលថែទាំកុមារ ដែលស្ថិតក្នុងស្រុកណាក្លាង (Na Klang) ដើម្បីស្វែងរកកូន។ ប៉ុន្តែមិនបានជួបឡើយ ហើយស្រាប់តែបានបើកការបាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលតែម្ដង។ ក្រោយមកខ្មាន់កាំភ្លើងរូបនេះបានជិះរថយន្ដត្រឡប់ទៅផ្ទះវិញ ទើបបាញ់សម្លាប់ប្រពន្ធកូន ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ជនសង្ស័យត្រូវបានប៉ូលិសកំណត់អត្តសញ្ញាថាមានឈ្មោះ Panya Khamrab មានអាយុ ៣៤ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជាអតីតមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានបណ្ដេញចេញពីតួនាទីកាលពីឆ្នាំ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន រីឯអ្នកនៅក្នុងតំបន់ផ្ទាល់ក៏សុទ្ធតែស្គាល់យ៉ាងច្បាស់ថា ខ្មាន់កាំភ្លើងរូបនេះជាមនុស្សញៀនថ្នាំផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close